2025-09-30 11:15
35

ថៃ៖  ក្រោយលោក អ៊ុំ រាត្រី  អភិបាលខេត្តបន្ទាយមានជ័យ បានដាក់លិខិតតវ៉ាប្រឆាំងនឹងរដ្ឋបាលខេត្តស្រះកែវកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥  ក្នុងករណីលើកបដាដោយប្រកាសថានិងអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

ឆ្លើយតបទៅនឹងការតវ៉ាប្រឆាំងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តស្រះកែវ បដិសេធច្រានចោលលិខិតតវ៉ាពីខាងភាគីកម្ពុជាហើយអភិបាលខេត្តស្រះកែវរូបនេះ នៅតែប្រកាន់គោលជំហរថា ពលរដ្ឋថៃបានរស់នៅទីនោះយូរមកហើយនិងបានជំរុញឲ្យអភិបាលខេត្តបន្ទាយមានជ័យ រៀបចំផែនការជម្លៀសប្រជាជនខ្មែរចេញភ្លាម។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥  លោក ប៉ា រិនយ៉ា ភូថងអភិបាលខេត្តស្រះកែវ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា រដ្ឋបាលខេត្តស្រះកែវបានទទួលលិខិតតវ៉ាចំនួន២ច្បាប់ ពីខេត្តបន្ទាយមានជ័យ ដូចខាងក្រោម៖ លិខិតទី១ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ តវ៉ាចំពោះការប្រើប្រាស់បង្គោល និងរថយន្តយោធាថៃ ការចាក់ដីបំពាក់កាំមេរ៉ា បង្គោលភ្លើង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

និងបញ្ហាទី២ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ តវ៉ាករណីខេត្តស្រះកែវ អនុវត្តច្បាប់ក្នុងប្រទេសថៃ ប្រឆាំងនឹងពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។  

តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃនៅថ្ងៃទី២៩ កញ្ញា បានឲ្យដឹងថា យោងតាមលិខិតតវ៉ាខាងលើខេត្តស្រះកែវបានពិចារណាលើការតវ៉ា និងជូនដំណឹងដូចខាងក្រោម៖១.ការតវ៉ាទាក់ទងនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធសន្តិសុខក្នុងទឹកដីថៃគឺជាការបំភ្លៃការពិត ហើយវាជាការខកចិត្តដែលអភិបាលខេត្តបន្ទាយមានជ័យព្យាយាមបង្ហាញកិច្ចព្រមព្រៀង ដែលលោកមិនដែលគោរព និងទាមទារក្នុងការរស់នៅទីនោះរាប់ទស្សវត្សរ៍ បើទោះបីជាវាជាតំបន់នៅក្នុងព្រះរាជាណាចក្រថៃក៏ដោយ។

២. រដ្ឋបាលខេត្តបន្ទាយមានជ័យត្រូវពិនិត្យឡើងវិញជាបន្ទាន់នូវផែនការជម្លៀសពលរដ្ឋខ្មែរដែលទន្ទ្រានយកដីថៃនិងក្រៅតំបន់ដែលទាមទារ ដូចដែលបានស្នើឡើងដោយខេត្តស្រះកែវ។ ត្រូវជូនដំណឹងស្ដីពីផែនការជម្លៀសនិងការផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋខ្មែរមកកាន់ប្រទេសកម្ពុជាវិញ ទៅកាន់រដ្ឋបាលខេត្តស្រះកែវគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ  និងដោះស្រាយបញ្ហាដោយសន្តិវិធីនិងស្របតាមគោលការណ៍អន្តរជាតិ ប្រសើជាងការតវ៉ាបំភ្លៃ ។

៣. រដ្ឋបាលខេត្តបន្ទាយមានជ័យត្រូវបញ្ឈប់រាល់សកម្មភាពដែលញុះញង់ឲ្យមានជម្លោះឬកែប្រែស្ថានភាពសំណង់មិនថាជាអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ននោះទេ បើមិនដូច្នោះទេថៃនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់នៃប្រទេសថៃ។

៤. ប្រសិនបើរដ្ឋបាលខេត្តបន្ទាយមានជ័យមិនអនុវត្តន៍តាមកថាខណ្ឌទី២ និងទី៣ ទេ ខេត្តស្រះកែវនឹងមិនស្តាប់ការតវ៉ាណាមួយឡើយ ហើយនឹងមិនពិចារណាលើសំណើរណាមួយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ឲ្យដឹងថារដ្ឋបាលខេត្តបន្ទាយមានជ័យ សូមតវ៉ាប្រឆាំងដាច់អហង្ការចំពោះ សកម្មភាពដដែលៗនៃការលើកបដា និងខ្លឹមសារប្រកាសរបស់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាដែលបានកំពុងរស់នៅ អាស្រ័យផលក្នុងភូមិទាំងពីរនេះ តាំងពីយូរយារណាស់មកហើយគឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។  

ទន្ទឹមនេះរដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ថា រដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ៕