2025-10-15 10:37
35

ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានប្រកាសបង្ហាញមីស៊ីលអន្តរទ្វីបថ្មីមួយឈ្មោះ «Hwasong-20» ដែលអាជ្ញាធររដ្ឋបានពណ៌នាថាជា “អាវុធយុទ្ធសាស្ត្រទំនើបបំផុត” របស់ប្រទេសកូរ៉េខាងជើង។

សារព័ត៌មានរដ្ឋ KCNA បានឲ្យដឹងថា មីស៊ីល Hwasong-20 ប្រើប្រាស់ឥន្ធនៈរឹង (solid fuel) ដែលអាចបង្ហោះបានយ៉ាងឆាប់រហ័ស និងលំបាករកឃើញដោយរូបយន្តចាប់សញ្ញារបស់សត្រូវ។ រដ្ឋាភិបាលកូរ៉េ បានអះអាងថា មីស៊ីលនេះ អាចបាញ់បានរយៈចម្ងាយប្រមាណ ១៥,០០០ គីឡូម៉ែត្រ ឬ “គ្របដណ្តប់ទូទាំងទឹកដីសហរដ្ឋអាមេរិក” តែម្តង។

មីស៊ីល Hwasong-20 ត្រូវបានដាក់បង្ហាញក្នុងព្យុហយាត្រាយោធាដ៏ធំមួយ នៅពេលអធិរាជ Kim Jong-un ចូលរួមសិក្សាការសាកល្បងម៉ូទ័រ solid-fuel ដែលបច្ចេកវិទ្យាថ្មី។ អ្នកវិភាគអន្តរជាតិជាច្រើនបានបង្ហាញការព្រួយបារម្ភថា ការអភិវឌ្ឍន៍នៃមីស៊ីលបែបនេះអាចបង្កការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ នៅអាស៊ីភាគខាងជើងឡើងវិញ។

ប្រភពសន្តិសុខនៅសហរដ្ឋអាមេរិក បាននិយាយថា មិនទាន់មានភស្តុតាងបញ្ជាក់ថា មីស៊ីលនេះអាចដំណើរការបានពិតប្រាកដ ឬមានសមត្ថភាពដាក់ក្បាលនុយក្លេអ៊ែរច្រើន (MIRV) តាមដែលកូរ៉េខាងជើងអះអាងឡើយ។ 

ទោះយ៉ាងណា ការបង្ហាញមីស៊ីល Hwasong-20 បានបញ្ជាក់ពីជំហររឹងមាំរបស់ព្យុងយ៉ាង ក្នុងការបន្តអភិវឌ្ឍអាវុធយុទ្ធសាស្ត្រដែលអាចគំរាមកំហែងស្ថេរភាពក្នុងតំបន់ និងពិភពលោកទាំងមូល៕