2025-10-20 14:40
31

យោងតាមអាជ្ញាធរអាកាសយានដ្ឋានបានឱ្យដឹងថា យន្តហោះដឹកទំនិញ ប្រភេទ Boeing 747 មួយគ្រឿង ធ្វើដំណើរមកពីទីក្រុងឌូបៃ បានធ្លាក់ចេញពីផ្លូវរត់ និងបានធ្លាក់ចូលទៅក្នុងសមុទ្រ ខណៈចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហុងកុងនាព្រឹកថ្ងៃចន្ទនេះ។

តាមការចេញផ្សាយពីកាសែតថៃ The Nation បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៣ និង ៥០ នាទីព្រឹក (ម៉ោងក្នុងស្រុក)។ 

មុនកើតហេតុ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ហុងកុងបាននិយាយថា យន្តហោះនេះ បានចេញពីផ្លូវរត់ភាគខាងជើង បន្ទាប់ពីចុះចត រួចក៏ធ្លាក់ចូលក្នុងសមុទ្រដោយមិនគួរឲ្យជឿ។

យោងតាមសារព័ត៌មាន South China Morning Post បានរាយការណ៍ដោយដកស្រង់ប្រភពពីប៉ូលីសថា សមាជិកនាវិក ចំនួន ០៤ នាក់ នៅលើយន្តហោះត្រូវបានជួយសង្គ្រោះ ទោះយ៉ាងណាក៏ដោយ អាជ្ញាធរនៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីអ្នកស្លាប់នៅឡើយទេ។

ក្នុងនោះ ក្រុមហ៊ុន Emirates បានបញ្ជាក់ថា ជើងហោះហើរ EK9788 របស់ខ្លួន ដែលជាប្រភេទយន្តហោះដឹកទំនិញ Boeing 747 ដំណើរការដោយ ACT Airlines បានរងការខូចខាតអំឡុងពេលចុះចត។ 

យ៉ាងណាវិញ ក្រុមហ៊ុនអាកាសចរណ៍ បានបញ្ជាក់ថា មិនមានទំនិញនៅលើយន្តហោះទេ ហើយសមាជិកនាវិកទាំងអស់មានសុវត្ថិភាព៕