ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានស្នើសុំជំនួយយោធាពីរុស្ស៊ី ដើម្បីពង្រឹងការការពារជាតិ ខណៈសហរដ្ឋអាមេរិកកំពុងបង្កើនអំណាចយោធានៅតំបន់ការ៉ាប៊ីន។ នេះបើយោងតាមរបាយការណ៍របស់កាសែត The Washington Post ចុះផ្សាយថ្ងៃទី ៣១ តុលា ឆ្នាំ ២០២៥ ដែលដកស្រង់ពីឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
របាយការណ៍ដដែលបានបង្ហាញថា លោក នីកូឡាស ម៉ាឌូរ៉ូ បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដើម្បីស្នើសុំជំនួយយោធា។ ការស្នើសុំនេះមានគោលបំណងពង្រឹងប្រព័ន្ធការពារអាកាសរបស់វ៉េណេស៊ុយអេឡា ដោយរួមមាន៖ ការជួសជុលប្រព័ន្ធរ៉ាដា និងយន្តហោះយោធា Sukhoi Su-30MK2 ដែលបានទិញពីរុស្ស៊ីពីមុន និងសំណើសុំផ្គត់ផ្គង់ពង្រាយមីស៊ីល ចំនួន ១៤ គ្រឿង ដើម្បីបង្កើនសមត្ថភាពការពារជាតិ។
ការស្នើសុំនេះកើតឡើងក្នុងបរិបទនៃការកើនឡើងនៃភាពតានតឹងនៅតំបន់សមុទ្រការ៉ាប៊ីន ដែលសហរដ្ឋអាមេរិកកំពុងអនុវត្តប្រតិបត្តិការបាញ់បំផ្ទុះលើនាវាចរណ៍ដឹកជញ្ជូនគ្រឿងញៀន និងពិចារណាអំពីការទម្លាក់គ្រាប់បែកលើគោលដៅយោធារបស់វ៉េណេស៊ុយអេឡា ដែលត្រូវបានសង្ស័យថាជាកន្លែងប្រើសម្រាប់ការដឹកជញ្ជូនគ្រឿងញៀន។
បន្ថែមពីនេះ ឯកសារដែលបានបង្ហាញថា វ៉េណេស៊ុយអេឡា ក៏បានស្វែងរកជំនួយយោធាពីប្រទេសចិន និងអ៊ីរ៉ង់ផងដែរ ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន។ ស្ថានភាពនេះបង្ហាញពីការចាប់អារម្មណ៍របស់វ៉េណេស៊ុយអេឡា ក្នុងការរួមសហការជាមួយសម្ព័ន្ធមិត្តដ៏ខ្លាំង ដើម្បីប្រឈមមុខនឹងសម្ពាធយោធាពីសហរដ្ឋអាមេរិក។
ការអំពាវនាវជាលាយលក្ខណ៍អក្សររបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា ទៅកាន់លោក ពូទីន ត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយរដ្ឋមន្ត្រីដឹកជញ្ជូនវ៉េណេស៊ុយអេឡា លោក Ramón Celestino Velásquez ក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីពាក់កណ្តាលខែតុលាទៅកាន់ទីក្រុងមូស្គូ ជាកន្លែងដែលលោកបានជួបជាមួយសមភាគីរុស្ស៊ី។
នៅក្នុងលិខិតនោះ លោក ម៉ាឌូរ៉ូ បានពណ៌នាយន្តហោះ Su-30 ថាជា «ការរារាំងដ៏សំខាន់បំផុត ដែលរដ្ឋាភិបាលជាតិវ៉េណេស៊ុយអេឡាមាននៅពេលប្រឈមមុខនឹងការគំរាមកំហែងនៃសង្គ្រាមពីសត្រូវ»៕





