2025-11-01 14:38
24

ថៃ៖ ក្នុងខេត្តមួយជាប់មាត់សមុទ្រ Prachuap Khiri Khan ត្រូវបានចាត់ទុកថាជាទីកន្លែងសក្ការបូជា គោរពវិញ្ញាណក្ខន្ធដ៏ចម្លែកនិងមិនធម្មតាមួយរបស់ប្រទេសថៃ ដែលប្រជាជននៅទីនោះនិយមហៅថា ទីសក្ការបូជា Chao Mae Nom Sao ។ 

តាមការចេញផ្សាយដោយកាសែតថៃ The Nation នៅថ្ងៃទី០១ វិច្ឆិកា នេះបានឲ្យដឹងថា ប្រជាជនដែលរស់នៅខេត្តនោះ ភ្ញៀវទេសចរណ៍ ពិសេសអ្នកនេសាទ តែងនាំយកដង្វាយដូចជាឈុតប្រពៃណីថៃ ផ្លែឈើ គ្រឿងក្រអូប និងដបទឹកសូដាក្រហម ទៅថ្វាយនៅទីសក្ការបូជា Chao Mae Nom Sao ដើម្បីសូមពរជ័យ ការទទួលបានសំណាងក្នុងរឿងស្នេហានិងភាពរុងរឿងក្នុងជីវិតពួកគេជាដើម។ 

ប៉ុន្តែរឿងដែលចម្លែកនោះ ដើម្បីឲ្យពរជ័យទាំងនេះបានសម្រេច អ្នកស្រុកទាំងនោះបាននាំគ្នាយកអាវទ្រនាប់ជាច្រើនពណ៌ចម្រុះដើម្បីបួងសួង និងថ្វាយដោយការរុំជុំវិញទីសក្ការៈទៅវិញ។

ប្រជាជនថៃនៅទីនោះ ជឿថាការយកដង្វាយជាអាវទ្រនាប់ទៅថ្វាយទីសក្ការបូជាបែបនេះ នឹងធ្វើឲ្យបំណងប្រាថ្នារបស់ពួកគេបានសម្រេច ម្យ៉ាងវិញទៀតដោយសារតែទីសក្ការបូជានេះមានទីតាំងនៅជិតកោះនឹមសៅ ឬហៅម្យ៉ាងទៀតថា «កោះដើមទ្រូងមនុស្សស្រី» ដែលការដាក់ឈ្មោះនេះ សម្ដៅលើភ្នំតូចពីរនៅឆ្នេរសមុទ្រដែលមានកំពូលភ្លោះស្រដៀងនឹងដើមទ្រូងស្ត្រី។

លើសពីនេះ ចំពោះអត្ថន័យនៃការថ្វាយខោអាវទ្រនាប់ទាំងនេះ ប្រជាជនថៃចាត់ទុកថាជានិមិត្តរូបនៃការដឹងគុណដល់ចៅមាណមសៅ ដែលគេជឿថា បានបង្កប់នូវភាពជាស្ត្រី ភាពមានកូន និងក្តីមេត្តា៕