2025-11-08 10:34
7

បាងកក៖ កាលពីថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ  កាសែតថៃ Khaosod បានចុះផ្សាយថា «យោធិនខ្មែរ ចំនួន ១៨ នាក់ ដែលត្រូវបានទាហានថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន បានឈានដល់ដំណាក់កាលចុងក្រោយ នៃការត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ប៉ុន្តែ ក្នុងចំណោមនេះ មានយោធិនយ៉ាងហោចណាស់ ០៧ នាក់ ត្រូវការព្យាបាលមាត់ធ្មេញមុនពេលធ្វើមាតុភូមិនិវត្តន៍»។

ការព្យាបាលនេះ ត្រូវបានអនុវត្តស្របតាមមាត្រា ១៥ នៃអនុសញ្ញាក្រុងហ្សឺណែវ ដែលបញ្ជាក់ថា «អំណាចឃុំឃាំងត្រូវផ្តល់សេវាសុខភាពដោយមិនគិតថ្លៃដល់អ្នកទោសសង្គ្រាម។ នេះរួមមានអាហារ សម្លៀកបំពាក់ ផ្ទះសម្បែង និងសេវាវេជ្ជសាស្ត្រដែលសមស្របនឹងស្ថានភាពសុខភាពរបស់ពួកគេផងដែរ»។

ប្រសិនបើលក្ខខណ្ឌទាំងអស់ត្រូវបានបំពេញ ត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ទាហានខ្មែរទាំង ១៨នាក់ នឹងត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការត្រឡប់នេះនឹងសម្ដែងពីការសហការរវាងរដ្ឋាភិបាលទាំងពីរ និងការគោរពសិទ្ធិមនុស្សក្នុងស្ថានភាពសង្គ្រាម។

សូមបញ្ជាក់ថា ការដោះលែងនឹងធ្វើឡើងនៅច្រកព្រំដែនបានផាកកាត ស្ថិតក្នុងខេត្តចន្ទបុរី ប្រទេសថៃទល់មុខជាមួយច្រកព្រំខេត្តប៉ៃលិន។ 
ការដោះលែងយោធាខ្មែរទាំង១៨រូប គឺជាលក្ខខណ្ឌមួយដែលបានបញ្ជាក់នៅក្នុងចំណុចទី៥ នៃសេចក្តីថ្លែងការណ៍រួម ស្តីពី “សន្តិភាពកម្ពុជា-ថៃគូឡាឡាំពួ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល ដែលមាន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ាន ជាសាក្សី៕