ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ព្រាងសំណើសម្រាប់ការចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាសថា អាមេរិក នឹងបន្តសកម្មភាពនេះផងដែរ។
លោក ត្រាំ បានបញ្ជាឲ្យក្រសួងការពារជាតិអាមេរិកសាកល្បងអាវុធនុយក្លេអ៊ែរ ដោយផ្អែកលើ “មូលដ្ឋានស្មើភាពគ្នា” ជាមួយរុស្ស៊ី និងចិន។ ការប្រកាសនេះបានបង្កឱ្យមានការភ័យខ្លាចជាថ្មីទាក់ទងនឹងការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរពិភពលោក។
ក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី កាលពីថ្ងៃទី០៥ ខែវិច្ឆិកា លោក ពូទីន បានបញ្ជាក់ថា៖ “បើសហរដ្ឋអាមេរិកធ្វើការសាកល្បងបែបនេះ នោះរុស្ស៊ី ក៏ត្រូវតែចាត់វិធានការឆ្លើយតបឱ្យបានសមស្របដែរ”។
ការអះអាងពីភាគីទាំងពីរនេះ បានបង្កឱ្យមានការព្រួយបារម្ភពីស្ថានភាពសន្តិភាពអន្តរជាតិ និងភាពមិនច្បាស់លាស់នៃកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរពិភពលោក៕







