ថៃ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ពលរដ្ឋថៃជាង ៣០០ នាក់ នៅខេត្តអាយុធ្យា ប្រទេសថៃ បាននាំគ្នាធ្វើបាតុកម្មបិទផ្លូវ Ayutthaya–Sena ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទឹកជន់លិច ដែលបានប៉ះពាល់ដល់សហគមន៍របស់ពួកគេជាង ៣ ខែមកនេះ។
ពួកគេបានអំពាវនាវឲ្យបើកទ្វារទឹក Sam Ko និង Chao Jet ដើម្បីរំដោះទឹកចេញពីផ្សារ Sena និងតំបន់ជិតខាងទៅកាន់តំបន់ Tung Ja Phaet, Tung Bang Sai និង Tung Koo Solat។
យោងតាមការផ្សាយរបស់ The Star នៅថ្ងៃទី០៨ ខែវិច្ឆិកា បានឱ្យដឹងថា នាយកដ្ឋានធនធានទឹកបានបញ្ចេញទឹកចំនួន ២,៧០០ ម៉ែត្រគូប ក្នុងមួយវិនាទី បន្ថែមលើទឹកជំនន់ដែលមានស្រាប់ បង្កជាទុក្ខវេទនាខ្លាំងដល់ប្រជាជនក្នុងតំបន់។
តំបន់ដែលរងគ្រោះខ្លាំងបំផុត រួមមានស្រុក Sena, Bang Ban និង Phak Hai ដែលទឹកបានបំផ្លាញផ្ទះសម្បែងជាង ៣០,០០០ ខ្នង។ គ្រួសារជាច្រើនត្រូវបង្ខំចិត្តរស់នៅតាមចិញ្ចើមផ្លូវ ដោយខ្វះសុវត្ថិភាព និងសេវាសង្គមមូលដ្ឋាន៕




