ថៃ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ ឧត្តមនាវីឯក Parat Rattanachaiphan អ្នកនាំពាក្យនៃកងទ័ពជើងទឹកថៃ បានបង្ហាញថា RTN បានដាក់ពង្រាយនាវាចម្បាំង យន្តហោះ និងអង្គភាពប្រតិបត្តិការពិសេស ដើម្បីផ្តល់ជំនួយដល់ពលដ្ឋថៃនៅតំបន់ភាគខាងត្បូងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់។ នេះបើតាមការចេញផ្សាយពី Khaosod។
ការបញ្ចេញនាវាចម្បាំងរបស់ថៃ HTMS Chakri Naruebet នឹងចេញដំណើរពីមូលដ្ឋានទ័ពជើងទឹក Sathip នៅថ្ងៃនេះ រួមជាមួយនឹងឧទ្ធម្ភាគចក្រ២គ្រឿងបន្ថែមទៀត ព្រមទាំងបុគ្គលិក ក្រុមគ្រូពេទ្យ សម្ភារៈសង្គ្រោះ អាហារ និងទឹក ដើម្បីជួយជនរងគ្រោះដែលកំពុងជាប់គាំង និងគ្មានអាហារបរិភោគព្រោះតែមហន្តរាយទឹកជំនន់។
តាមការចេញផ្សាយពីសារព័ត៌មានដដែលបានឲ្យដឹងថា ដោយសារតែការផ្តល់ជំនួយដល់ពលរដ្ឋថៃ គឺជារឿងបន្ទាន់ខ្លាំង ដូច្នេះ RTN បានបញ្ជូនអង្គភាពប្រតិបត្តិការពិសេសមួយ រួមជាមួយនឹងទូកកៅស៊ូ និងបុគ្គលិកចំនួន ១៤ មកពីបញ្ជាការសង្គ្រាមពិសេសកងទ័ពជើងទឹក (NSWC) បន្ថែម ដើម្បីជួយដល់ប្រជាជនដែលជាប់គាំងនៅតំបន់ដែលមានចរន្តទឹកខ្លាំង។ ហើយអង្គភាពទាំងអស់ នឹងធ្វើដំណើរតាមយន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសថៃនៅថ្ងៃនេះតែម្ដង។
គួរបញ្ជាក់ឲ្យដឹងថា ស្ថានភាពដែលកំពុងគ្របដណ្ដប់នាពេលនេះ ត្រូវបានចាត់ទុកថា ជាទឹកជំនន់ដ៏អាក្រក់បំផុត ដែលបានបំបែកកំណត់ត្រា២៥ឆ្នាំ កើតឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ៣០០ឆ្នាំ ក្នុងប្រទេសថៃ។
លើសពីនេះ ខេត្តចំនួន១០របស់ថៃដូចជា ជុំផន, ស៊ូរ៉ាត់ថានី, នខនស៊ីធម្មរត, សាធុន, សុងខ្លា, ផាត់ថាលុង, ត្រាង, ណារ៉ាធិវត្ត, ផាត់ថានី និង យ៉ាឡា ក៏កំពុងស្ថិតក្រោមឥទ្ធិពលដ៏ខ្លាំងក្លានៃការវាយលុកពីគ្រោះទឹកជំនន់ផងដែរ៕




