2025-12-01 08:20
26

គណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ក្នុងខែវិច្ឆិកា បានបង្ហាញរបាយការណ៍មួយពាក់ព័ន្ធនឹងគ្រោះមហន្តរាយអាកាសធាតុដែលអាចនឹងកើតមាននាពេលអនាគតថា ការកើនឡើងនៃសីតុណ្ហភាពកំពុងធ្វើឲ្យប៉ះពាល់ទាំងអស់ និងគ្រប់ទីកន្លែង។

យោងតាមរបាយការណ៍បានឱ្យដឹងថា នៅឆ្នាំ ២០២៤ ជាឆ្នាំដែលក្តៅបំផុតនៅលើកំណត់ត្រាពិភពលោក ដោយប្រទេសនានានៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិកបានជួបប្រទះការឡើងកំដៅខ្លាំង។ ក្រោយបើកបង្ហាញរបាយការណ៍ក្នុងឆ្នាំ២០២៤ ចប់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ បន្តការព្យាករណ៍ថ្មីនៅក្នុងរបាយការណ៍ឆ្នាំ២០២៥ ដោយបង្ហាញពីទំហំនៃការគំរាមកំហែង ដែលអាចកើតមាននាពេលអនាគត។ 

UN បានព្រមានថា ការកើនឡើងកម្ដៅជារៀងរាល់ថ្ងៃខុសពីកម្រិតធម្មតា អាចនឹងកើតមាននៅអាស៊ីខាងត្បូង និងខាងលិច ផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ និងភាគខាងជើង រួមទាំងភាគខាងកើតនៃប្រទេសអូស្ត្រាលីផងដែរ ដែលអាចមានហានិភ័យឆ្ពោះទៅរកការប៉ះពាល់កំដៅរ៉ាំរ៉ៃ។ ហើយនៅឆ្នាំ ២១០០ ខាងមុខ នឹងនាំឲ្យមានការខាតបង់គ្រោះមហន្តរាយក្នុងតំបន់អាចកើនក្នុងការចំណាយថវិកាពី ៤១៨ ពាន់លានដុល្លារអាមេរិក ដល់ ៤៩៨ ពាន់លានដុល្លារ ក្រោមហេតុផលនៃអាកាសធាតុដ៏អាក្រក់បំផុត។

តាមការចុះផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី៣០ វិច្ឆិកា បានឲ្យដឹងថា បណ្ដាទីក្រុងដែលប្រឈមហានិភ័យ ព្រោះតែកំណើនកម្ដៅនៃអាកាសធាតុនាពេលអនាគត ជាពិសេសទីក្រុងដែលមានសំណង់ក្រាស់ៗដូចជា សេអ៊ូល តូក្យូ ប៉េកាំង ដេលី ការ៉ាជី ដាកា ម៉ានីល ហ្សាការតា និងរាជធានីភ្នំពេញ ដែលត្រូវបានគេព្យាករណ៍ថា នឹងកាន់តែក្តៅខ្លាំង ដោយឥទ្ធិពលនៃកំដៅក្នុងទីក្រុងនឹងបន្ថែម ២°C ទៅ ៧°C លើការឡើងកំដៅផែនដី៕