2024-04-04 17:52
305

រដ្ឋធានីមូស្គូ៖ ស្របពេលរដ្ឋាភិបាលក្រុងមូស្គូ កំពុងតែផុងខ្លួនយ៉ាងជ្រៅ នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ ឥឡូវ រុស្ស៊ី មានផែនការបិទពន្ធនាគារ ហើយបញ្ជូនអ្នកទោស ឬ អ្នកមានពិរុទ្ធ ទៅធ្វើសង្គ្រាម នៅលើទឹកដីរបស់ប្រទេសជិតខាងរបស់ខ្លួន ដែលធ្លាប់រួមរស់ជាមួយគ្នា ក្រោមដំបូលតែមួយ នាសម័យសហភាពសូវៀត។

សារព័ត៌មាន The Daily Digest បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ថា បើតាមបណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី បានដកស្រង់សម្ដីរបស់មន្រ្ដីរុស្ស៊ីមួយរូប  នៅក្នុងតំបន់ក្រាស្នូដារ (Krasnodar) យកមកចុះផ្សាយ ថា ប្រទេសរុស្ស៊ី កំពុងតែជ្រើសរើសអ្នកទោសជាច្រើនម៉ឺននាក់ នាំមកធ្វើជាទាហាន សម្រាប់បន្ដធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន ហើយឥឡូវនេះ ពន្ធនាគារមួយចំនួន អាចនឹងត្រូវបិទទ្វារ។

សារព័ត៌មានរបស់រុស្ស៊ី Kommersant (កូមម័រសាន់) បានរាយការណ៍ ថា បើតាមលោក ម៉ាក ដេនីសូវ (Mark Denisov) ស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅតំបន់ក្រាស្នូដារ បានពន្យល់ដល់សមាជិកសភា កាលពីពាក់កណ្តាល ខែមីនា ឆ្នាំ២០២៤ ថា «ពន្ធនាគារជាច្រើនចាំបាច់ត្រូវតែបិទ ដោយសារតែអ្នកទោសទាំងអស់ ត្រូវបានជ្រើសរើសឲ្យទៅធ្វើជាទាហាន ចូលរួមប្រយុទ្ធ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ខ្ញុំសូមបង្ហាញនូវការកត់សម្គាល់និន្នាការគួរឱ្យព្រួយបារម្ភមួយ គឺការថយចុះចំនួនអ្នកទោសដ៏ច្រើន នៅក្នុងលក្ខខណ្ឌ នៃប្រតិបត្តិការយោធាពិសេស ហើយវាបានជំរុញឱ្យអ្នកណាម្នាក់ រាយការណ៍ទៅកាន់មន្រ្ដីកំពូល អំពីតម្រូវការបិទស្ថាប័នពន្ធនាគារនេះ»។

លោក ដេនីសូវ បានបន្ថែម ថា ហេតុផល សម្រាប់ការបិទពន្ធនាគារ គឺដើម្បីបង្កើនប្រសិទ្ធភាព និង សន្សំសំចៃប្រាក់ ហើយយ៉ាងហោចណាស់ ពន្ធនាគារចំនួនពីរ នៅតំបន់ក្រាស្នូដារ នឹងត្រូវបិទផងដែរ។

បើតាមរបាយការណ៍ស៊ើបអង្គេតមួយ បានឲ្យដឹង ថា ការបិទពន្ធនាគារ នៅតំបន់ក្រាស្នូដារ នឹងកើតឡើង នៅក្នុងដ៏ឆាប់ៗខាងមុខនេះ។ រីឯចំនួនមនុស្សនៅក្នុងពន្ធនាគារ នាឆ្នាំ២០២៤ បានថយចុះ រហូតដល់១៧,៥ភាគរយ ចាប់តាំងពីដើមឆ្នាំ២០២៣ រហូតមក។

ស្របគ្នានេះដែរ សារព័ត៌មាន Business Insider ក៏បានរាយការណ៍ផងដែរ ថា រុស្ស៊ី បានពឹងផ្អែកទៅលើការជ្រើសរើសអ្នកទោស ដើម្បីទៅចូលរួមប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាយូរកន្លងមកហើយ។ ការពឹងផ្អែករបស់ទាហានរុស្ស៊ី ទៅលើការនាំអ្នកទោស មកធ្វើជាទាហាន បានជួយឲ្យរដ្ឋាភិបាលក្រុងមូស្គូ  បិទចន្លោះប្រហោងកម្លាំងមនុស្ស ហើយបានធ្វើឲ្យចំនួនអ្នកទោសរបស់ប្រទេសមហាអំណាចយោធារបស់ពិភពលោកមួយនេះ ធ្លាក់ចុះ។

ប្រទេសរុស្ស៊ី ជាមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោក ហើយបានធ្វើឲ្យអន្ដរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញការជ្រើសរើសអ្នកទោស នាំមកធ្វើជាទាហាន នៅក្នុងអំឡុងកញ្ញា ឆ្នាំ២០២២ ខណៈមានការបង្ហាញ អំពីវីដេអូរបស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group និយាយទៅកាន់អ្នកទោស អំពីការជ្រើសរើសពួកគេឲ្យមកចូលរួមធ្វើជាទាហាន ចូលរួមប្រយុទ្ធ នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។ អ្នកទោសទាំងអស់ នឹងមានសេរីភាពឡើងវិញ ប្រសិនបើពួកគេបានចូលរួមប្រយុទ្ធ នៅក្នុងសង្គ្រាម រយៈពេល៦ខែ ហើយអ្នកទោសប្រហែល ៤០ ០០០នាក់ ត្រូវបានជ្រើសរើសឲ្យចូលជាទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner Group ។

ដោយឡែក ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបង្ហាញ នៅក្នុងការធ្វើបច្ចុប្បន្នភាព នៃសង្គ្រាម កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ ថា ត្រឹមតែរយៈពេលពេញមួយខែមេសា ឆ្នាំ២០២៣ប៉ុណ្ណោះ រុស្ស៊ី បានជ្រើសរើសអ្នកទោស ចំនួន ១០ ០០០នាក់ នាំមកធ្វើជាទាហាន។ បើទោះជាយ៉ាងណា តួលេខសរុបពិតប្រាកដ គឺចំនួនអ្នកទោស ដែលត្រូវបាននាំមកធ្វើជាទាហាន អាចនឹងមានច្រើនជាងនេះ។

លោក វីសេវ៉ូឡូដ វូកូឡូវ (Vsevolod Vukolov) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ ថា មនុស្សនៅក្នុងពន្ធនាគាររបស់ប្រទេសរុស្ស៊ី មានចំនួន ៤២០ ០០០នាក់ នៅមុនខែកុម្ភៈ ឆ្នាំ២០២២។

លោក អូលហ្កា រ៉ូម៉ាណូវ៉ា (Olga Romanova) នាយកអង្គការសិទ្ធិមនុស្ស បានអះអាង ថា មានអ្នកទោស ចំនួន ៤២០ ០០០នាក់ នៅពេលសង្គ្រាម ចាប់ផ្ដើមផ្ទុះឡើង។ ប៉ុន្ដែយើងគ្រាន់តែដឹង ថា ថៅកែក្រុមហ៊ុន Wagner Group បានជ្រើសរើសអ្នកទោស ចំនួន ៥០ ០០០នាក់ នាំមកធ្វើជាទាហានរបស់គាត់៕