2024-04-10 11:49
290

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ រវាងបណ្ដាប្រទេសមហាអំណាចកំពូលៗរបស់ពិភពលោកនោះ មេបញ្ជាការកំពូលរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានបង្ហាញនូវការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការលុកលុយរបស់ចិន នៅសមុទ្រចិនខាងត្បូង។

សារព័ត៌មាន National Post បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ថា លោកឧត្ដមនាវី  ចន អាឃ្វីលីណូ ( Adm. John Aquilino) នាយកទីបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី៩ ខែមេសា) ថា គាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរំលោភបំពានរបស់ចិន ទៅលើកងកម្លាំងហ្វីលីពីន នៅជិតកោះជម្លោះ ស្ថិតក្នុងសមុទ្រចិនខាងត្បូង។

កងឆ្មាំឆ្នេរសមុទ្ររបស់ចិន បានប៉ះទង្គិចម្តងហើយម្តងទៀត ជាមួយកងនាវាល្បាតរបស់ហ្វីលីពីន នៅជិតតំបន់ Second Thomas Shoal ដែលគ្រប់គ្រង ដោយហ្វីលីពីន។ កាលពីខែមីនា ឆ្នាំ២០២៤ កងទ័ពជើងទឹករបស់ហ្វីលីពីនជាច្រើននាក់ បានរងរបួស ខណៈនាវាដ៏ធំមួយគ្រឿងរបស់កងឆ្មាំសមុទ្រចិន បានប៉ះគ្នាជាមួយនឹងនាវារបស់ហ្វីលីពីន ដែលតូចជាង។ រីឯនាវាឆ្មាំឆ្នេរសមុទ្រចិន ចំនួន២គ្រឿងផ្សេងទៀត បានប្រើទឹកបាញ់ជាមួយនឹងសម្ពាធទឹកដ៏ខ្លាំង ដើម្បីបំបែកកញ្ចក់នាវារបស់ហ្វីលីពីន។

នៅពេលសួរ ថា តើថ្មប៉ប្រះទឹកដែលលិចទឹក នៅប្រជុំកោះ Spratly ជាចំណុចដ៏គ្រោះថ្នាក់បំផុត នៅក្នុងតំបន់បញ្ជាការរបស់គាត់ ឬយ៉ាងណានោះ លោកឧត្តមនាវី John Aquilino បានប្រាប់ដល់វេទិកាមួយ នៅវិទ្យាស្ថាន Lowy ដែលជាអ្នកគិតគូរ អំពីគោលនយោបាយអន្តរជាតិ មានមូលដ្ឋាន នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី ថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីថាតើនឹងមានអ្វីកើតឡើង នៅតំបន់ Thomas Shoal ទី២នោះ។

លោកឧត្ដមនាវី បានសង្កត់ធ្ងន់ ថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីទិសដៅ ដែលអាចនឹងកើតឡើង។ សកម្មភាពទាំងនេះ នឹងមានគ្រោះថ្នាក់បំផុត ហើយពួកគេកំពុងតែបង្កឱ្យមានអស្ថិរភាព នៅក្នុងតំបន់»។

សហរដ្ឋអាមេរិក ជប៉ុន ហ្វីលីពីន និង អូស្ត្រាលី បានធ្វើសមយុទ្ធរួមគ្នា ជាលើកទីបួន នៅក្នុងដែនទឹករបស់ហ្វីលីពីន ស្ថិតក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យ (ទី៧ ខែមេសា ឆ្នាំ២០២៤)។ សមយុទ្ធ ដឹកនាំដោយសហរដ្ឋអាមេរិក មានគោលបំណង លើកកម្ពស់សេរីភាព នៃការធ្វើនាវាចរណ៍ និង ការហោះហើរ នៅក្នុងតំបន់ដែលប្រកួតប្រជែង ដោយប្រទេសចិន។

លោកឧត្ដមនាវី បានបន្ដ ថា សមយុទ្ធរួមគ្នានេះ បានបង្ហាញអំពីសមត្ថភាពរបស់ប្រទេសនានា នៅក្នុងប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និង ស្របច្បាប់ នៅក្នុងតំបន់។ រីឯ ប្រភេទ នៃព្រឹត្តិការណ៍ និង រឿងរ៉ាវទាំងនោះ ជាអ្វីដែលយើងត្រូវធ្វើ ដើម្បីបង្ហាញ អំពីភាពរឹងមាំ នៅក្នុងចំណោមសម្ពន្ធមិត្ត និង ដៃគូ ដែលមានគំនិតដូចគ្នា ហើយថា យើងនឹងបន្តធ្វើប្រតិបត្តិការ នៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»។

ដោយឡែក កងទ័ពចិន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី៧ ខែមេសា) ថា ខ្លួនបានល្បាតតាមផ្លូវអាកាស និង សមុទ្រ។ សកម្មភាពទាំងអស់ ដែលរំខានដល់សមុទ្រចិនខាងត្បូង គឺស្ថិតនៅក្រោមការគ្រប់គ្រង ហើយវាជាការឆ្លើយតបជាក់ស្តែង ចំពោះសមយុទ្ធទ័ពជើងទឹក ធ្វើឡើងដោយសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត៕