រដ្ឋធានីហ្សាការតា៖ រថយន្ដក្រុងមួយគ្រឿង បានដឹកសិស្សវិទ្យាល័យ និង គ្រូបង្រៀន ជាង៦០នាក់ ដើរលេងកម្សាន្ដ ក្រោយការបញ្ចប់នូវការសិក្សា ស្រាប់តែជួបនឹងគ្រោះថ្នាក់ បណ្ដាលឲ្យមនុស្ស ចំនួន១១នាក់បាត់បង់ជីវិត និង ជាង៥០នាក់ផ្សេងទៀត រងរបួស នៅលើកោះជ្វា ប្រទេសឥណ្ឌូណេស៊ី។
ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ថា ប៉ូលិសបានអះអាង កាលពីថ្ងៃអាទិត្យ (ទី១២ ខែឧសភា) ថា យ៉ាងហោចណាស់មនុស្ស ចំនួន១១នាក់បានស្លាប់ និង រាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្រោយពេលរថយន្តក្រុងដឹកសិស្សវិទ្យាល័យមួយគ្រឿង បានជួបនឹងគ្រោះចរាចរណ៍ នៅលើកោះដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី។ រថយន្ដក្រុងនោះ បានដឹកសិស្ស និង គ្រូបង្រៀន ជាង៦០នាក់ ចេញពីទីក្រុងដេប៉ូក (Depok) កោះជ្វា (Java) ឆ្ពោះទៅកាន់ទីក្រុងឡាមបាង (Lembang) ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ ហើយបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៦ និង ៤៨នាទីល្ងាចថ្ងៃសៅរ៍ ដោយបានបុកជាមួយរថយន្ដ និង ម៉ូតូចំនួន៣គ្រឿង។
លោក ជូឡែស អាប្រាហាម អាបាស្ដ (Jules Abraham Abast) អ្នកនាំពាក្យ ស្នងការប៉ូលិសខេត្ត West Java បានប្រាប់ AFP កាលពីថ្ងៃអាទិត្យ ថា សិស្សានុសិស្សទើបបានប្រារព្ធពិធីបញ្ចប់ការសិក្សារបស់ពួកគេ ហើយកំពុងតែធ្វើដំណើរទៅសាលារៀន ខណៈរថយន្តក្រុងនោះ បានបាត់បង់នូវការគ្រប់គ្រង ហើយបានបត់ពីឆ្វេងទៅស្តាំ ក៏ជ្រុលទៅបុកជាមួយរថយន្ត និង ម៉ូតូ ចំនួនបីគ្រឿង។ នៅក្នុងចំណោមអ្នកស្លាប់ទាំង១១នាក់នោះ មានសិស្សចំនួន៩នាក់ គ្រូបង្រៀនម្នាក់ និង អ្នកជិះម៉ូតូម្នាក់។ ក្រៅពីនេះ ក៏មានអ្នករងរបួសធ្ងន់ ចំនួន១៣នាក់ និង រងរបួសស្រាលចំនួន៤០នាក់។
លោក អ៊ុនដាងស៊ីយ៉ារីហ្វ ហីដាយាត (Undang Syarif Hidayat) មេប៉ូលិសចរាចរណ៍ ក្នុងតំបន់ បានប្រាប់ទូរទស្សន៍ Kompas (កូមផាស) ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គាត់សង័្សយ ថា ហ្វ្រាំងរបស់រថយន្តក្រុង បានដំណើរការខុសប្រក្រតី នៅមុនពេលជួបនឹងគ្រោះថ្នាក់។ បើទោះជាយ៉ាងណា ករណីនេះ ប៉ូលិសកំពុងតែស៊ើបអង្កេតស្វែងរក អំពីមូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ៕