2024-05-17 18:51
279

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលសហរដ្ឋអាមេរិក កំពុងតែដំឡើងអត្រាពន្ធ រហូតដល់១០០ភាគរយ ទៅលើរថយន្ដអគ្គិសនី នៅឆ្នាំ២០២៤ និង ដំឡើងពន្ធ ចន្លោះពី២៥ទៅ៥០ភាគរយ លើបន្ទះឈីប នៅឆ្នាំ២០២៥ កំពុងតែនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធុះ រវាងមហាអំណាចលោកខាងលិច និង មហាយក្សនៅអាស៊ី ប៉ុន្ដែក្រុមអ្នកតាមដាន បានអះអាង ថា ពន្ធថ្មីរបស់ក្រុងវ៉ាស៊ីតោន នឹងមិននាំទៅរកសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំនោះឡើយ។
   សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមអ្នកវិភាគ បានអះអាង កាលពីថ្ងៃពុធ (ទី១៥ ឧសភា) ថា ពន្ធថ្មីដែលអាមេរិក ដាក់លើទំនិញនាំចូល មកពីប្រទេសចិន ជាហេតុផលនយោបាយ។ បញ្ហានេះ មិនទំនងជានឹងនាំឱ្យមានសង្គ្រាមពាណិជ្ជកម្ម ដែលមិនអាចគ្រប់គ្រងបាននោះឡើយ។
សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃអង្គារ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែដំឡើងពន្ធលើទំនិញនាំចូល មកពីប្រទេសចិន ដោយមានតម្លៃ រហូតដល់១៨ពាន់លានដុល្លារអាមេរិក។ ការដំឡើងពន្ធទាំងនេះ បានផ្តោតទៅលើវិស័យយុទ្ធសាស្ត្រជាច្រើន រួមមាន៖ រថយន្តអគ្គិសនី (EV), អាគុយ, ដែក និង សារធាតុរ៉ែសំខាន់ៗផ្សេងៗទៀត។
លោកបណ្ឌិត  ដេរ៉ែក ស៊ីសស័រ (Derek Scissor) មន្រ្ដីជាន់ខ្ពស់វិទ្យាស្ថានសហគ្រាសអាមេរិកាំងបានបញ្ជាក់ ថា «បញ្ហាការដំឡើងពន្ធនេះ មិនចំណាយពេលត្រឹមតែបីឆ្នាំ ដើម្បីពិនិត្យមើលលើពន្ធគយ ដែលបានដាក់ចេញដោយរដ្ឋបាលមុនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលអ្នកមិនចូលចិត្តនោះឡើយ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរលើការដំឡើងពន្ធមុននេះ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិនប្រាកដជាអាចធ្វើទៅបាន។
សេតវិមាន បានបញ្ជាក់ ថា អត្រាពន្ធលើរថយន្តអគ្គិសនី ត្រូវបានកំណត់ជាបួនដង កើនដល់១០០ភាគរយនៅឆ្នាំ២០២៤ ខណៈពន្ធសម្រាប់ឧបករណ៍អេឡិចត្រូនិក នឹងត្រូវដំឡើង ចន្លោះពី២៥ភាគរយ ទៅ៥០ភាគរយ នៅឆ្នាំ២០២៥។ សកម្មភាពបែបនេះ មានគោលបំណងលើកទឹកចិត្តដល់ប្រទេសចិន ឱ្យលុបបំបាត់នូវវការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ខ្លួន ទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និង ការច្នៃប្រឌិត។
  លោកបណ្ឌិត  ដេរ៉ែក ស៊ីសស័រ ក៏ជាប្រធានសេដ្ឋវិទូ នៃក្រុមហ៊ុន China Beige Book មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលតាមដានទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសចិន បានបន្ដ ថា «រដ្ឋបាលរបស់លោកប្រធានាធិបតី ចូបៃដិន កំពុងតែសម្លឹងមើលផ្លូវ ហើយគិតទៅលើឆ្នាំ២០២៥ និង ២០២៦ យើងអាចមើលឃើញទំនិញរបស់ប្រទេសចិន នឹងហូរមកជន់យ៉ាងខ្លាំង នៅក្នុងតំបន់ទាំងនេះ ហើយយើងក៏ចង់ចេញទៅមុន។ ប៉ុន្តែពួកគេអាចធ្វើបាន កាលពីឆ្នាំ២០២៣។ ពួកគេអាចធ្វើបញ្ហានេះ នៅឆ្នាំ២០២៥។ ពួកគេកំពុងធ្វើវាឥឡូវនេះ សម្រាប់ការបោះឆ្នោត។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ អាចទំនងជាមានការប្រជែងគ្នាយ៉ាងស្វិតស្វាញ រវាងលោកប្រធានាធិបតី ចូ បៃដិន  និង អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump)។
  ក្រុមអ្នកសង្កេតការណ៍ បានអះអាង ថា បើទោះជាមានការឆ្លើយតបយ៉ាងខ្លាំង មកពីប្រទេសចិន យ៉ាងណាក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានអះអាង ថា ទង្វើបែបនេះ បង្ហាញ ថាមនុស្សមួយចំនួន នៅសហរដ្ឋអាមេរិក អាចនឹងបោះបង់គំនិតបែបនេះចោល ហើយវាទំនងជានឹងមិននាំទៅរកសង្រ្គាមពាណិជ្ជកម្មត្រង់ទ្រាយធំនោះឡើយ។
លោកបណ្ឌិត ជុង ចាឡាន (Chong Ja Ian) អ្នកវិទ្យាសាស្ត្រនយោបាយ និង ជាសាស្ត្រាចារ្យរង នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបានបញ្ជាក់ ថា នៅជុំចុងក្រោយនេះ វាជាការបង្កើននូវការរឹតបន្តឹងពាណិជ្ជកម្ម ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំគិត ថា យើងមិនទាន់ឃើញភាគីណាមួយពិតជាចង់ឱ្យអ្វីៗ អាចកើតហួសពីការមិនអាចគ្រប់គ្រងបាននោះឡើយ។ បញ្ហានេះមានហានិភ័យ ហើយហានិភ័យអាចនឹងកើនឡើង។ ប៉ុន្តែខ្ញុំគិត ថា ចិន និង សហរដ្ឋអាមេរិក ទាំងពីរ ចង់បានទំនាក់ទំនងស្ថិរភាពស្មើៗគ្នា។ បើទោះជាប្រទេសមហាអំណាចទាំង២ មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្ដី… ខ្ញុំគិត ថា កម្រិត នៃការកើនឡើង នឹងមិនឆ្ងាយពេកនោះទេ បើទោះជាមានពាក្យខឹងសម្បាបែបណាក៏ដោយ ខណៈយើងកំពុងតែស្តាប់ និង ឮ៕