2024-05-17 18:57
249

ទីក្រុងប៉េកាំង៖ នៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) នឹងអស់សិទ្ធិអំណាច ជាប្រធានាធិបតីតៃវ៉ាន់ ហើយអ្នកមកស្នងតំណែងបន្ដ ពីលោកស្រី នឹងត្រូវស្បថចូលកាន់តំណែង នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីគាត់បានឈ្នះ នៅក្នុងការបោះឆ្នោត កាលពីខែមករា នឹងបន្ដដឹកនាំដែនកោះមួយនេះ ប៉ុន្ដែរដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ជាអ្នកបំបែកទឹកដី ប្រកបដោយគ្រោះថ្នាក់បំផុត តើបុរសខ្លាំងម្នាក់នោះជានរណា? 
សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ថា លោក ឡៃ ឈីង-តេ (Lai Ching-te) នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់ នៅថ្ងៃទី២០ ខែឧសភាខាងមុនេះ។ បុរសមិនខ្លាចនឹងមហាយក្សចិន រូបនេះ នឹងឡើងកាន់តំណែងកំពូលរបស់ដែនកោះ គ្រប់គ្រងដោយខ្លួនឯង ក្រោយមានអាជីព ជារូបវិទូ តំណាងរាស្រ្ដ ចៅហ្វាយក្រុង នាយករដ្ឋមន្រ្ដី និង ជាអនុប្រធានាធិបតី។
  លោក ឡៃ ត្រូវបានគណបក្សវឌ្ឍភាពប្រជាធិបតេយ្យ (DPP) តែងតាំងជាបេក្ខភាពប្រធានាធិបតី នៅក្នុងការប្រកួតប្រជែង នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ដោយទទួលបានសំឡេងគាំទ្រ ជាង៤០ភាគរយ ដែលជួយឲ្យគាត់ឈ្នះ នៅក្នុងការបោះឆ្នោនេះ។ ប្រធានាធិបតីតៃវ៉ាន់ ជាប្រមុខរដ្ឋរបស់ប្រទេស ហើយមានសិទ្ធិអំណាចពេញលេញ ទាំងផ្នែកកិច្ចការបរទេស កងកម្លាំងប្រដាប់អាវុធ សន្តិសុខជាតិ គោលនយោបាយឆ្លងច្រកសមុទ្រ និង ការទទួលខុសត្រូវជាច្រើនផ្សេងៗទៀត។
បន្ថែមពីលើចំណងជើងផ្លូវការរបស់គាត់ ភាគីផ្សេងៗបានដាក់ឈ្មោះរបស់លោក ឡៃ នៅក្នុងចំណោមមនុស្សដែលមានឥទ្ធិពលបំផុត នៅលើពិភពលោក,  ជាមនុស្សប្រកបដោយគ្រោះថ្នាក់ និង ជាអ្នកមានសិទ្ធិអំណាចបំផុត។ គណបក្សប្រឆាំងក្នុងស្រុករបស់គាត់ បានហៅគាត់ ជាកូនមាសឯករាជ្យ ប៉ុន្ដែលោក ឡៃ ច្រានចោល ហើយជំនួសមកវិញ ដោយពណ៌នា ថា គាត់ជាកម្មករប្រកបដោយប្រសិទ្ធភាព សម្រាប់បុព្វហេតុស្វែងរកសន្តិភាព។
  លោក ឡៃ បានរះឡើង នៅក្នុងមុខតំណែងឥតឈប់ឈរ ដោយការចាប់ផ្ដើមចេញវណ្ណៈកម្មករ ដែលមានប្រាក់ចំណូលទាប ហើយនេះជារឿងរ៉ាវជោគជ័យ នៅក្នុងឆាកនយោបាយរបស់គាត់។ បុរសវ័យ៦៤ឆ្នាំរូបនេះ កើតនៅស្រុកវ៉ាន់លី (Wanli) ទីក្រុងតៃប៉ិថ្មី (New Taipei) នៅក្នុងគ្រួសារជីករ៉ែធ្យូងថ្ម ហើយឪពុករបស់គាត់ បានស្លាប់ ខណៈគាត់ទើបនឹងមានអាយុ៣ឆ្នាំ។ រីឯម្តាយរបស់គាត់បានចិញ្ចឹមគាត់ និង បងប្អូនប្រាំនាក់របស់គាត់។
លោក ឡៃ បានផ្ដល់បទសម្ភាសន៍ដល់ទស្សនាវដ្ដី Time Magazin កាលពីអំឡុងឆ្នាំ២០២៣ ថា «ទ្រព្យសម្បត្ដិដ៏ធំបំផុតមួយ ដែលឪពុកបន្សល់ទុកឲ្យ គឺស្ថិតក្នុងភាពក្រីក្របំផុត។ ស្ថិតក្នុងស្ថានភាពបែបនេះ ខ្ញុំបានខិតខំប្រឹងប្រែងខ្លាំង ហើយធ្វើការយ៉ាងលំបាក។ កត្ដាជីវភាពបែបនេះ បានជំរុញឲ្យខ្ញុំ មានការតាំងចិត្តយ៉ាងមុតមាំបំផុត។
កាលនៅជាសិស្ស លោក ឡៃ បាន នៅវិទ្យាល័យជៀនហ្គួ (Jianguo High School) ស្ថិតក្នុងទីក្រុងតៃប៉ិ។ បន្ទាប់មកគាត់បានសិក្សា នៅសកលវិទ្យាល័យជាតិតៃវ៉ាន់ (NTU), សាកលវិទ្យាល័យជាតិឆេងគុង (Cheng Kung) ហៅកាត់ NCKU និង សាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក ជាកន្លែងដែលគាត់បានរៀននិយាយភាសាអង់គ្លេស និង ទទួលបានអនុបណ្ឌិតជំនាញសុខភាពសាធារណៈ ហើយគាត់មានជំនាញផ្នែកតម្រងនោម និង សុខភាពខួរឆ្អឹងខ្នោង នៅក្នុងពេលគាត់ជាអ្នករូបវិទ្យា នៅឯសាកលវិទ្យាល័យHarvard ។
  ក្រោយពេលហក់ចូលប្រឡូក នៅក្នុងអាជីពជាអ្នកនយោបាយ លោក ឡៃ មានមុខតំណែងសំខាន់ៗជាច្រើន រួមមាន៖ តំណាងរាស្រ្ដ ចៅហ្វាយក្រុង នាយករដ្ឋមន្រ្ដី និង ជាអនុប្រធានាធិបតី។
ថ្លែងទៅកាន់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ នៅរាជធានីកូផែនហាជេន (Copenhagen) ប្រទេសដាណាម៉ាក កាលពីថ្ងៃអង្គារ (ទី១៤ ខែឧសភា) លោក ឡៃ បានបញ្ជាក់ ថា «ខ្ញុំនឹងការពារស្ថានភាពបច្ចុប្បន្ន នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្ដែខ្ញុំនឹងមិនបដិសេធនូវការសន្ទនា ជាមួយប្រទេសមហាយក្សចិន លើគោលការណ៍ នៃផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និង ការគោរពគ្នាទៅវិញទៅមក ដោយគ្មានលក្ខខណ្ឌជាមុន»៕