2024-05-27 21:06
244

ទីក្រុងតៃប៉ិ៖ ស្របពេលមានភាពតានតឹងកំពុងតែកើនឡើងយ៉ាងខ្លាំង នៅច្រកសមុទ្រតៃវ៉ាន់ ខណៈប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ បានឡើងកាន់អំណាចនោះ ជនស៊ីវិលរស់នៅលើដែនកោះមួយនេះ បានត្រៀមខ្លួនបង្ការទុកជាមុន ព្រោះតែការភ័យខ្លាចសង្គ្រាមតទល់ជាមួយនឹងប្រទេសចិន។
   បណ្ដាញទូរទស្សន៍ Al Jazeera បានរាយការណ៍ ថា ជនជាតិតៃវ៉ាន់ ជាង១០០នាក់ បានចូលរួមរៀនវគ្គបណ្ដុះបណ្ដាលជំនួយបឋម និង ការឆ្លើយតមគ្រោះមហន្ដរាយ។ 
អ្នកចូលរួមហ្វឹកហាត់ម្នាក់ បាននិយាយថា គាត់បានចុះឈ្មោះដំបូង ដើម្បីទទួលបានការយល់ដឹង អំពីស្ថានភាពនឹងទៅជាយ៉ាងណា ខណៈមានគ្រោះមហន្តរាយ ឬ សេណារីយ៉ូសង្រ្គាម។ ប្រសិនបើមានរឿងបែបនេះកើតឡើង វាមានន័យ ថា អ្នកគួរតែត្រៀមខ្លួនទុកជាមុន ហើយអ្នកនឹងមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ទប់ទល់បានទាំងផ្លូវអារម្មណ៍ និង ផ្លូវចិត្ត។
   បណ្ឌិត្យសភាគូម៉ា (Kuma Academy) បានរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះផ្តល់ជូននូវវគ្គសិក្សា និង លំហាត់ជាច្រើន ដោយគ្របដណ្តប់លើប្រធានបទ ពីការវាយប្រហារតាមអ៊ីនធឺណិត និង ព័ត៌មានមិនពិត រហូតដល់ការសង្គ្រោះបេះដូង (CPR) និង ការវាយតម្លៃ អំពីរបួស។ អង្គការនេះ ជាផ្នែកមួយ នៃសកម្មភាពដ៏ទូលំទូលាយ សម្រាប់ការពារជនស៊ីវិល។ រីឯមេរៀនជាច្រើនផ្ដោតលើអាទិភាពចម្បង អំពីទម្រង់អហិង្សា សម្រាប់ការត្រៀមលក្ខណៈរបស់ជនស៊ីវិល។
បើតាមលោក ហ្វាង-យូ ចេន (Fang-Yu Chen) ជំនួយការសាស្រ្ដាចារ្យ មកពីនាយកដ្ឋានវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Soochow ស្ថិតក្នុងទីក្រុងតៃប៉ិ បានឲ្យដឹង ថា ការរៀបចំការពារស៊ីវិលទាំងអស់ កំពុងដំណើរការ ដោយសារតែការព្រួយបារម្ភ អំពីប្រទេសចិន។
   លោកជំនួយការរូបនេះ បានអះអាង ថា «បច្ចុប្បន្ន ប្រជាជនតៃវ៉ាន់ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង អំពីកងទ័ពចិន វាយលុកលុយ មកលើដែនកោះរបស់ខ្លួន»។
ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ១៩៤៩នោះមក បក្សកុម្មុយនិស្តចិន ដែលកំពុងតែកាន់អំណាច នៅទីក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ដែលមានឈ្មោះជាំផ្លូវការ«សាធារណរដ្ឋចិន» ថា ជាផ្នែកមួយមិនអាចបំបែកបាន ពីប្រទេសចិន នោះឡើយ។ ប៉ុន្ដែដែនកោះគ្រប់គ្រង ដោយខ្លួនឯងមួយនេះ តែងតែបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ចិន ហើយថែមទាំងលើកឡើង ថា មានតែប្រជាជនតៃវ៉ាន់ ទើបអាចសម្រេចលើជោគវាសនារបស់ខ្លួនបាន។
  លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន កាលពីឆ្នាំ២០២២ បានអះអាង ថា លោកនឹងមិនបដិសេធនូវការប្រើកម្លាំងយោធា ដើម្បីនាំយកដែនកោះមួយនេះ មកដាក់នៅក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មនិស្ដចិននោះឡើយ។
បើតាមទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក បានឲ្យដឹង ថា លោកប្រធានាធិបតី ស៊ី ជិនពីង កំពុងតែហ្វឹកហ្វឺនកងទ័ព ដើម្បីត្រៀមខ្លួនលុកលុយទៅលើកោះតៃវ៉ាន់ នៅឆ្នាំ២០២៧៕