2024-05-29 15:59
266

រដ្ឋធានីប៉េកាំង៖ បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍ ថា តុលាការមួយរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ (ទី២៨ ខែឧសភា) បានកាត់ទោសប្រហារជីវិតអតីតនាយកប្រតិបត្ដិមួយរូប នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំបំផុត ដែលគ្រប់គ្រងដោយរដ្ឋ ពីបទស៊ីសំណូកដ៏ធំបំផុតរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ។ នេះបើតាមបណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋចិន CCTV បានផ្សាយ ថា លោក បៃ ទៀនហ៊ួយ (Bai Tianhui) អតីតនាយកគ្រប់គ្រងទូទៅ នៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនគ្រប់គ្រងបំណុលទ្រព្យសកម្មធំបំផុត Huarong Asset Management (ហ៊ួរ៉ុង អាស់សែត ម៉េណេជេម៉េនត៍) ត្រូវបានតុលាការរកឃើញ ថា គាត់មានពិរុទ្ធ ពីបទស៊ីសំណូក មានទំហំទឹកប្រាក់ជាង ១,១ពាន់លានយន់ (Yuan លុយចិន) ឬស្មើនឹង ១៥១,៩លានដុល្លារអាមេរិក ខណៈគាត់កំពុងតែកាន់កាប់មុខតំណែងគ្រប់គ្រងរបស់គាត់ ដោយបានផ្តល់នូវការអនុគ្រោះ លើបញ្ហាជាច្រើន ដោយរាប់បញ្ចូលទាំង ការទិញយកគម្រោង និង ការផ្ដល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនសាជីវកម្ម។

ក្រុមហ៊ុន Huarong ក្លាយជាគោលដៅដ៏ចម្បង នៅក្នុងការបង្រ្កាបអំពើពុករលួយរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ វិធានការប្រឆាំងនឹងអំពីពុករលួយនេះ បាននាំឲ្យលោក ឡៃ សៀវមីន (Lai Xiaomin) ជានាយកប្រតិបត្ដិធុរកិច្ចចិន និង ជាសេដ្ឋវិទូជាន់ខ្ពស់ ដែលបម្រើការងារ ជាលេខាធិការគណបក្សកុម្មុយនិស្ដចិន និង ជាប្រធានក្រុមប្រឹក្សាគ្រប់គ្រងទ្រព្យសកម្ម Huarong Asset Management ចន្លោះពីខែកញ្ញា ឆ្នាំ២០១២ ដល់ខែមេសា ឆ្នាំ២០១៨ ត្រូវបានបណ្ដេញចេញពីបក្ស នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ហើយត្រូវបានតុលាការ កាត់ទោសប្រហារជីវិត កាលពីខែមករា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទទទួលសំណូក មានទំហំទឹកប្រាក់ រហូតដល់២៦០លានដុល្លារអាមេរិក។

ស្របគ្នានេះដែរ ក្រុមអ្នកគាំទ្រដល់វិធានការរបស់លោកប្រធានាធិបតី ស៊ី ជិនពីង បានលើកឡើង ថា យុទ្ធការប្រឆាំងនឹងអំពើពុករលួយ ជួយលើកកម្ពស់ដល់អភិបាលកិច្ចល្អ។ ប៉ុន្ដែក្រុមអ្នករិះគន់ ក៏បានអះអាង ថា វិធានការបែបនេះ ក៏នឹងផ្ដល់សិទ្ធិអំណាចគ្រប់បែបយ៉ាង សម្រាប់លោកប្រធានាធិបតី លុបបំបាត់គូប្រជែងខាងនយោបាយរបស់គាត់។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋចិន CCTV បានរាយការណ៍ ថា «តុលាការបានសម្រេចកាត់ទោសលោក បៃ ដោយដកសិទ្ធិធ្វើនយោបាយអស់មួយជីវិត និង ប្រហារជីវិត ហើយរឹបអូសទ្រព្យសម្បត្ដិផ្ទាល់ខ្លួនរបស់គាត់ទាំងអស់»។

បណ្ដាញទូរទស្សន៍ដដែលនេះ បានរាយការណ៍បន្ដ ថា «តុលាការបានសម្រេច ថា តម្លៃសម្រាប់បទឧក្រិដ្ឋកម្មសូកប៉ាន់របស់ លោក បៃ ទៀនហ៊ួយ (Bai Tianhui) មានទំហំធំខ្លាំងណាស់។ កាលៈទេសៈនៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុតនេះ បាននាំឲ្យផលប៉ះពាល់សង្គម កាន់តែអាក្រក់ខ្លាំងឡើង។ សកម្មភាពបែបនេះ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍របស់ប្រទេសជាតិ និង ប្រជាជន»។
ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋចិន Xinhua បានរាយការណ៍ ថា មេដឹកនាំកំពូលរបស់ប្រទេសចិន បានប្រកាស នៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយមួយ កាលពីថ្ងៃចន្ទ ដែលបានពិភាក្សា អំពីហានិភ័យហិរញ្ញវត្ថុ ដោយបានលើកឡើង ថា «អ្នកខកខានក្នុងការបំពេញភារកិច្ចរបស់ពួកគេ នឹងត្រូវគិតគូរ ហើយត្រូវតែផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ»។

កាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ គេបានឃើញតួលេខជាច្រើន ពីវិស័យហិរញ្ញវត្ថុ និង ធនាគាររបស់ប្រទេសចិន ដែលកំណត់គោលដៅ ដោយអាជ្ញាធរ ប្រឆាំងនឹងអំពើពុករលួយ។ 
លោក លីវ លៀង (Liu Liange) ប្រធានធនាគារចិន កាន់តំណែង ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ បានសារភាព កាលពីខែមេសា ឆ្នាំ២០២៤ ថា «គាត់បានទទួលសំណូក និង ផ្តល់ប្រាក់កម្ចីដោយខុសច្បាប់»។ នៅខែដដែលនោះ អតីតប្រធានធនាគាររដ្ឋចិន Everbright Group Li Xiaopeng (អេវើរប្រាយត៍ ហ្គូប លី សាវ ផេង) បានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ពីបទ «រំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់។

ប្រទេសចិន ចាត់តែទុកស្ថិតិកាត់ទោសប្រហារជីវិត ជាការងារសម្ងាត់របស់រដ្ឋ បើទោះជាអង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) និង ក្រុមសិទ្ធិមនុស្សផ្សេងៗទៀត ជឿ ថា មនុស្សរាប់ពាន់នាក់ ត្រូវបានប្រហារជីវិត នៅក្នុងប្រទេសចិន ជារៀងរាល់ឆ្នាំ៕