2024-06-03 10:06
170


សិង្ហបុរី៖ ស្របពេលអ៊ុយក្រែន កំពុងតែព្យាយាមបង្កើនការចូលរួមរបស់មេដឹកនាំនានា នៅលើពិភពលោក នៅក្នុងកិច្ចប្រជុំសន្តិភាព ចន្លោះពីថ្ងៃទី១៥-១៦ ខែមិថុនា នៅប្រទេសស្វីស ជាកន្លែងដែលក្រុងកៀវ សង្ឃឹម ថា នឹងឈ្នះនូវការគាំទ្រយ៉ាងទូលំទូលាយ ពីអន្តរជាតិ សម្រាប់ចក្ខុវិស័យរបស់ខ្លួន អំពីលក្ខខណ្ឌដែលត្រូវការ សម្រាប់បញ្ចប់សង្រ្គាមរបស់រុស្ស៊ី នោះ លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានចោទប្រកាន់ចិន កំពុងតែដាក់សម្ពាធទៅលើប្រទេសផ្សេងៗ មិនឲ្យចូលរួម នៅក្នុងកិច្ចចរចាសន្ដិភាពរបស់អ៊ុយក្រែន នាពេលខាងមុខនេះ។
    សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤ ថា  លោកប្រធានាធិបតី ហ្សេឡែនស្គី កាលពីថ្ងៃអាទិត្យ (ទី២ ខែមិថុនា) បានចោទប្រកាន់ចិន អំពីការជួយដល់ប្រទេសរុស្ស៊ី ដើម្បីរារាំងដល់កិច្ចប្រជុំសន្ដិភាព នាពេលខាងមុខ ស្ដីអំពីសង្គ្រាម នៅអ៊ុយក្រែន ដែលបានរៀបចំឡើង ដោយប្រទេសស្វីស។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានថ្លែង នៅក្នុងសន្និសីទសន្តិសុខកំពូលរបស់អាស៊ី ថា ប្រទេសចិន កំពុងតែដាក់សម្ពាធទៅលើប្រទេសផ្សេងៗទៀត និង មេដឹកនាំរបស់ប្រទេសទាំងនោះ មិនឱ្យចូលរួមកិច្ចពិភាក្សា នាពេលខាងមុខ។ ប៉ុន្ដែលោកប្រធានាធិបតី មិនបាននិយាយសម្ដៅ ទៅលើប្រទេសណាមួយនោះឡើយ។
លោកប្រធានាធិបតី  បានបញ្ជាក់ ថា មានប្រទេស និង អង្គការ ចំនួន១០៦ បានចុះហត្ថលេខាសម្រាប់កិច្ចប្រជុំកំពូលសន្តិភាព នៅប្រទេសស្វីស ប៉ុន្តែគាត់បានកត់សម្គាល់ ថា កិច្ចប្រជុំនេះមានជាការខកចិត្ត ដោយសារតែមេដឹកនាំពិភពលោកមួយចំនួន មិនទាន់ផ្តល់នូវការគាំទ្ររបស់ខ្លួននៅឡើយ។ បច្ចុប្បន្ន រុស្ស៊ី កំពុងតែព្យាយាមបង្អាក់នូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពនេះ។
  លោកប្រធានាធិបតី បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន នៅឯវេទិកាការពារជាតិ Shangri-La ស្ថិតក្នុងប្រទេសសិង្ហបុរី ថា«រុស្ស៊ី កំពុងតែប្រើប្រាស់ឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ ដោយប្រើអ្នកការទូតចិន ផងដែរ ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរំខានដល់កិច្ចប្រជុំកំពូលសន្តិភាពនេះ។ បញ្ហានេះ ពិតជាគួរឲ្យសោកស្តាយ ហើយជារឿងអកុសល ដែលប្រទេសមហាអំណាចឯករាជ្យដ៏ធំមួយ ដូចជា ប្រទេសចិន ក្លាយជាឧបករណ៍មួយ នៅក្នុងដៃរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី»។
ប្រទេសចិន បានប្រកាន់ជំហរតាមអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំង បានអះអាង ថា ខ្លួនប្រកាន់នូវគោលជំហរនយោបាយអព្យាក្រឹត ចំពោះសង្គ្រាម នៅអ៊ុយក្រែន ដោយផ្ទុយពីសហរដ្ឋអាមេរិក និង បណ្ដាប្រទេសភាគច្រើន នៅតំបន់អឺរ៉ុប។ រីឯពាណិជ្ជកម្មរបស់ចិន ជាមួយនឹងរុស្ស៊ី បានរីកចម្រើនខ្លាំង ហើយបានបន្ធូរបន្ថយផលប៉ះពាល់សេដ្ឋកិច្ច ក្រោមទណ្ឌកម្មរបស់លោកខាងលិច។ 
ស្របគ្នានេះ ទីភ្នាក់ងារចារកម្មអាមេរិក អ៊ុយក្រែន និង បណ្ដាប្រទេសផ្សេងៗទៀត បានបញ្ជាក់ ថា ពួកគេមានភស្តុតាង អំពីចិន កំពុងតែជួយបង្កើនគ្រឿងសព្វាវុធរបស់ក្រុងមូស្គូ ថ្វីបើចិន មិនបានបំពាក់អាវុធ ដោយផ្ទាល់ដល់ប្រទេសរុស្ស៊ី យ៉ាងណាក៏ដោយ។
បើទោះជាយ៉ាងណា ក្រសួងការបរទេសចិន នៅមិនទាន់បានឆ្លើយតបភ្លាមៗ ជុំវិញការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី នៅឡើយ៕