រដ្ឋធានីប៉េកាំង៖ ក្រោយពេលប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែដាក់សម្ពាធទៅលើប្រទេសផ្សេងៗនោះមក ក្រសួងការបរទេសចិន បានបដិសេធ ចំពោះការអះអាងអំពីការរារាំងដល់កិច្ចប្រជុំកំពូលសន្ដិភាពរបស់ប្រទេសអ៊ុយក្រែន នៅប្រទេសស្វីស ដែលនឹងធ្វើឡើង ចន្លោះពីថ្ងៃទី១៥-១៦ ខែមិថុនា ។
ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ ថា ប្រទេសចិន កាលពីថ្ងៃចន្ទ (ទី៣ ខែមិថុនា) បានបដិសេធនូវការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែព្យាយាមរារាំងដល់ប្រទេសផ្សេងៗទៀត អំពីការចូលរួម នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាព ដែលបានគ្រោងទុក ជុំវិញសង្រ្គាម នៅអ៊ុយក្រែន។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានថ្លែង កាលពីថ្ងៃអាទិត្យ (ទី២ ខែមិថុនា) នៅឯវេទិកាសន្តិសុខ នៅក្នុងប្រទេសសិង្ហបុរី ដោយបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំង ថា «នៅថ្ងៃនេះ ចិនកំពុងតែប្រឹងប្រែង រារាំងដល់បណ្ដាប្រទេសនានា មិនឱ្យទៅចូលរួមកិច្ចប្រជុំកំពូលសន្តិភាព រៀបចំឡើង ដោយប្រទេសស្វីស នៅខែមិថុនានេះ៕