2024-06-05 01:06
219

រាជធានីអាមស្ទ័រដាម (Amsterdam)៖ ប្រទេសហូល្លង់ដ៍ នឹងផ្ទេរយន្ដហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាលអាមស្ទ័រដាម មិនបានរឹតបន្ដឹងដល់កងទ័ពរបស់ប្រទេសហែកហួរដោយសារសង្គ្រាមមួយនេះ យកទៅប្រើប្រាស់ សម្រាប់ជាមធ្យោបាយ វាយប្រហារទៅលើប្រទេសរុស្ស៊ី នោះឡើយ។

សារព័ត៌មាន Zona Militar បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ថា នៅក្នុងពេលខាងមុខនេះ ហូល្លង់ដ៍ នឹងបញ្ជូនយន្តហោះ F-16 ទៅកាន់អ៊ុយក្រែន។ ស្របគ្នានេះដែរ ក្រសួងការបរទេសហូល្លង់ដ៍ បានប្រកាសជាសាធារណៈនូវការអនុញ្ញាតដល់អ៊ុយក្រែន សម្រាប់វាយប្រហារទៅលើទឹកដីរបស់រុស្ស៊ី ដោយគ្មានការរឹតបន្តឹង។

លោកស្រី ហានខេ ប្រ៊ូន ស្លូត (Hanke Bruins Slot) រដ្ឋមន្ត្រីក្រសួងការបរទេសហូល្លង់ដ៍ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន ANP ថា «យន្តហោះ F-16 របស់ហូល្លង់ដ៍ អាចនឹងត្រូវដាក់ពង្រាយ សម្រាប់ប្រឆាំងនឹងគោលដៅវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី ។ គោលការណ៍នេះ នឹងត្រូវអនុវត្ត សម្រាប់យន្តហោះ F-16 ដែលអ៊ុយក្រែន អាចធ្វើប្រតិបត្តិការ នៅក្នុងទឹកដីរបស់រុស្ស៊ី ប្រសិនបើអ៊ុយក្រេន ស្ថិតក្នុងបរិបទការពារខ្លួន។

ប្រទេសហូល្លង់ដ៍ បានប្រកាស ថា ខ្លួននឹងផ្ទេរយន្ដហោះចម្បាំង F-16 ចំនួន២៤គ្រឿង ពីកងទ័ពអាកាសរបស់ហូល្លង់ដ៍ ទៅកាន់ប្រទេសអ៊ុយក្រែន ខណៈប្រទេសដាណាម៉ាក និង ន័រវ៉ែស ក៏ផ្ដល់យន្ដហោះចម្បាំង F-16 នេះផងដែរ។ បើតាមផែនការនេះ អ៊ុយក្រែន នឹងទទួលបានយន្ដហោះចម្បាំង F-16 សរុប៦៥គ្រឿង មកពីប្រទេសហូល្លង់ដ៍ ដាណាម៉ាក និង ន័រវ៉ែស នាពេលខាងមុខនេះ៕