2024-06-25 02:06
147

រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់រដ្ឋធានីព្យុងយ៉ាង កាលពីប៉ុន្មានថ្ងៃមុននេះ រុស្ស៊ី និង កូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ហើយសកម្មភាពបែបនេះ បានធ្វើឲ្យចិន មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីវិបត្ដិកូរ៉េ អាចនឹងផ្ទុះឡើង។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ថា មន្រ្ដីកំពូលមួយរូបរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី២៤ ខែមិថុនា) ថា ថ្វីបើប្រទេសចិន ជាសម្ពន្ធមិត្តជាមួយនឹងរុស្ស៊ី យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលក្រុងប៉េកាំង នៅតែមានការព្រួយបារម្ភ ថា កូរ៉េខាងជើង អាចនឹងមានភាពរឹងត្អឹង នៅក្នុងការចាប់ផ្តើមវិបត្តិក្នុងតំបន់ ក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងរដ្ឋធានីព្យុងយ៉ាង។

លោក ឃើត ខាមបែល (Kurt Campbell) អនុរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ចិន បានបង្ហាញនៅក្នុងអន្ដរកម្មជាមួយនឹងសហរដ្ឋអាមេរិក ថា ក្រុងប៉េកាំង មានការព្រួយបារម្ភ ក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងរដ្ឋធានីព្យុងយ៉ាង កាលពីសប្ដាហ៍មុន ដោយបានចុះកិច្ចព្រមព្រៀងការពារជាតិ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង។

លោកអនុរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេស ថា ខ្ញុំគិតថា វាជាការត្រឹមត្រូវ នៅក្នុងការនិយាយ ថា ប្រទេសចិន ប្រហែលជាមានការព្រួយបារម្ភ ថា ប្រទេសកូរ៉េខាងជើង នឹងត្រូវបានលើកទឹកចិត្តឱ្យចាត់វិធានការបង្កហេតុ ដែលអាចនាំឱ្យមានវិបត្តិ នៅតំបន់អាស៊ីភាគឦសាន។ ការកើនឡើង នៃឧប្បត្តិហេតុយោធាទ្រង់ទ្រាយតូច ដោយកូរ៉េខាងជើង នៅតាមព្រំដែនរបស់ខ្លួន ជាមួយកូរ៉េខាងត្បូង ក៏ដូចជា ភាសាបង្កហេតុ និង ការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់ក្រុងព្យុងយ៉ាង ដើម្បីចៀសវាងការទូត ជាមួយសហរដ្ឋអាមេរិក។

 ដូច្នេះ ក្រុងវ៉ាស៊ីនតោន ជឿ ថា រុស្ស៊ី កំពុងតែសម្លឹងមើលនូវការគាំទ្រយ៉ាងខ្លាំង សម្រាប់កូរ៉េខាងជើង ដោយរាប់បញ្ចូលទាំងការប្រឈមមុខជាមួយនឹងនុយក្លេអ៊ែរដ៏ខ្លាំងក្លាផងដែរ។ នេះជាការវិវឌ្ឍប្រកបដោយគ្រោះថ្នាក់បំផុតមួយ ហើយបញ្ហានេះយើងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង។

ប្រទេសកូរ៉េខាងជើង កំពុងតែស្ថិតក្រោមការដាក់ទណ្ឌកម្មមួយចំនួនរបស់អង្គការសហប្រជាជាតិ លើកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីលរបស់ក្រុងព្យុងយ៉ាង ប៉ុន្តែគេបានរកឃើញដៃគូយ៉ាងអន្ទះសា នៅក្នុងប្រទេសរុស្ស៊ី ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសិទ្ធិប្រើប្រាស់វេតូ បានចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន៕