2024-06-27 12:29
244

រដ្ឋធានីណៃពិដោរ៖ រហូតមកដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ា កំពុងតែស្ថិតក្នុងវិបត្ដិនយោបាយដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកយោធា បានធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ហើយរបបយោធារបស់ប្រទេសអាស៊ានមួយនេះ តែងតែពឹងផ្អែកលើការផ្គត់ផ្គង់គ្រឿងសព្វាវុធ នាំចូលមកពីប្រទេសជិតខាង រុស្ស៊ី និង ចិន ប៉ុន្ដែឥឡូវប្រេសិតរបស់អង្គការសហរប្រជាជាតិ បនារកឃើញ ថា ការនាំចេញគ្រឿងសព្វាវុធពីប្រទេសសិង្ហបុរី ទៅកាន់ភូមា បានថយចុះមកនៅត្រឹម១០លានដុល្លារ កាលពីឆ្នាំ២០២៣។

បណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា លោក ថម អេនឌ្រូស (Tom Andrews) អ្នករាយការណ៍ស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ នៅក្នុងសេចក្ដីរាយការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ (ទី២៦ ខែមិថុនា) ថា ការនាំចេញគ្រឿងសព្វាវុធ ចេញពីអង្គភាពនានា មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី ទៅផ្គត់ផ្គង់ដល់របបយោធាមីយ៉ាន់ម៉ា បានធ្លាក់ចុះយ៉ាងខ្លាំង កាលពីឆ្នាំ២០២៣ ដោយបានធ្លាក់ចុះពីចំនួន១១០លានដុល្លារអាមេរិក មកនៅត្រឹម១០លានដុល្លារ។ សកម្មភាពបែបនេះ បានកើតឡើង ដោយសារតែរដ្ឋាភិបាលសិង្ហបុរី បានបើកការស៊ើបអង្កេត ក្រោយទទួលបានព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើល អំពីប្រទេសសិង្ហបុរី ក្លាយជាគោលដៅនាំចេញគ្រឿងសព្វាវុធ នាំទៅផ្គត់ផ្គង់ដល់របបយោធាមីយ៉ាន់ម៉ា។

រដ្ឋាភិបាលសិង្ហបុរី កាលពីឆ្នាំ២០២៣ បានចាប់ផ្តើមត្រួតពិនិត្យ លើសេចក្ដីរាយការណ៍ អំពីប្រទេសរបស់ខ្លួន នាំគ្រឿងសព្វាវុធ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈអង្គភាពចំនួន១៣៨ មានមូលដ្ឋាន នៅសិង្ហបុរី ត្រូវបានកំណត់អត្តសញ្ញាណ ដោយប្រេសិតរូបនេះ អំពីការជាប់ពាក់ព័ន្ធ នៅក្នុងលំហូរផ្គត់ផ្គង់អាវុធជួយដល់របបយោធាមីយ៉ាន់ម៉ា។

លោក វីវៀន បាឡាគ្រីស្នាន់ (Vivian Balakrishnan) រដ្ឋមន្រ្ដីក្រសួងការបរទេសសិង្ហបុរី បានបំភ្លឺ ថា រដ្ឋាភិបាលមិនបានដាក់ទណ្ឌកម្មពាណិជ្ជកម្មជាទូទៅ លើប្រទេសមីយ៉ាន់ម៉ា នោះទេ។ អាជ្ញាធរ កំពុងតែស្វែងរកព័ត៌មានលម្អិតបន្ថែមទៀត ដើម្បីត្រួតពិនិត្យ និង ស៊ើបអង្កេតឲ្យបានហ្មត់ចត់។ រីឯគោលនយោបាយរបស់សិង្ហបុរី ក៏មិនមែនជាចេតនា នៅក្នុងការទប់ស្កាត់ពាណិជ្ជកម្មស្របច្បាប់ ជាមួយមីយ៉ាន់ម៉ា នោះដែរ។ ចំណែក ពាណិជ្ជកម្មទ្វេភាគីសរុប រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២២ កើនឡើងដល់៤,២ពាន់លានដុល្លារអាមេរិក៕