2024-06-28 10:48
206

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលប្រមុខអង្គការណាតូ បណ្ដាមេដឹកនាំមហាអំណាចលោកខាងលិច និង សម្ពន្ធមិត្ត កំពុងតែព្រួយបារម្ភ អំពីកិច្ចព្រមព្រៀងការពារជាតិ រវាងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងព្យុងយ៉ាង ដែលទើបនឹងចុះហត្ថលេខា កាលពីប៉ុន្មានថ្ងៃមុននេះ ឥឡូវ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសអាសន្ន អំពីកូរ៉េខាងជើង ចូលពាក់ព័ន្ធកាន់តែជ្រៅ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។

សារព័ត៌មាន The Daily Digest បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថា បណ្ដាប្រទេសលោកខាងលិច ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងទីក្រុងព្យុងយ៉ាង។ ព័ត៌មានលម្អិត ជាច្រើនទៀត អំពីកតិកាសញ្ញាការពារជាតិ រវាងរុស្ស៊ី និង កូរ៉េខាងជើង ដែលលោកប្រធានាធិបតី ពូទីន បានចុះហត្ថលេខាជាមួយនឹងលោក គីម ជុងអ៊ុន នោះ ឥឡូវបានបង្ហាញហើយ។

លោកឧត្ដមសេនីយ៍ ផេត រ៉ៃដឺរ (Pat Ryder) អ្នកនាំពាក្យ មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជាក់ ថា សហរដ្ឋអាមេរិក កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ អំពីទំនាក់ទំនង រវាងរុស្ស៊ី និង កូរ៉េខាងជើង ដែលកំពុងតែវិវឌ្ឍទៅមុខបន្ដទៀត។ បញ្ហានេះ ខ្ញុំគិតថា ប្រសិនបើខ្ញុំជាអ្នកគ្រប់គ្រងកម្លាំងទាហានរបស់កូរ៉េខាងជើង វិញ ខ្ញុំប្រាកដណាស់ នឹងសួរអំពីជម្រើសរបស់ខ្ញុំ អំពីការបញ្ជូនកងទ័ពរបស់ខ្ញុំទៅ ដើម្បីគ្រាន់តែជាចំណីសង្គ្រាម ដោយខុសច្បាប់ នៅលើទឹកដីរបស់អ៊ុយក្រែន។

បើតាមសារព័ត៌មាន Politico បានរាយការណ៍ ថា សសរស្តម្ភមួយ នៅក្នុងចំណោមសសរស្តម្ភ សម្រាប់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងមូស្គូ នៅលើទឹកដីអ៊ុយក្រែន បាននិងកំពុងតែគ្របដណ្តប់ទៅលើក្រុងកៀវ (Kyiv) ជាមួយនឹងឧត្តមភាពខាងចំនួនកម្លាំងទាហានរុស្ស៊ី។

បើទោះជាយ៉ាងណាក៏ដោយ រុស្ស៊ី បានចាប់ផ្ដើមពឹងផ្អែកយ៉ាងខ្លាំងទៅលើទាហានស៊ីឈ្នួល មកពីគ្រប់ទីកន្លែង មានដូចជា ប្រទេសគុយបា និង ការបង្ខំឲ្យជ្រើសរើសទាហានពីជនចំណាកស្រុក មកពីទ្វីបអាហ្វ្រិក ដើម្បីចូលរួមប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

បើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានរាយការណ៍ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងសេអ៊ូល បានចោទប្រកាន់ទៅលើក្រុងព្យុងយ៉ាង អំពីការបញ្ជូនគ្រឿងសឹក ទៅកាន់ក្រុងមូស្គូ ជាថ្នូរនឹងការផ្គត់ផ្គង់ស្បៀងអាហារ និង បច្ចេកវិទ្យាជួយដល់កម្មវិធីមីស៊ីល និង អាវុធនុយក្លេអ៊ែររបស់ប្រទេសឯកោមួយនេះ ប៉ុន្ដែរុស្ស៊ី និង កូរ៉េខាងជើង បដិសេធនូវការចោទប្រកាន់ទាំងនេះ។

សារព័ត៌មាន Daily Mail  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៨ ខែមិថុនា ថា ប្រទេសកូរ៉េខាងជើងបានសន្យា ថា ក្រុងព្យុងយ៉ាង នឹងបញ្ជូនបុគ្គលិកយោធា ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលមួយខែ ដើម្បីជួយគាំទ្រដល់កងកម្លាំងរុស្ស៊ី ដែលកំពុងតែនឿយហត់ ដោយសារសង្គ្រាមរបស់លោកប្រធានាធិបតី ពូទីន ខណៈភាគីជម្លោះទាំង២ កំពុងតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ។
ទូរទស្សន៍ Chosun របស់កូរ៉េខាងត្បូង ក៏បានរាយការណ៍ ថា ក្រុងព្យុងយ៉ាង នឹងចាត់វិធានការ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងការបញ្ជូនកងកម្លាំងទាហានជំនាញខាងសំណង់ និង វិស្វកម្ម ទៅកាន់ទឹកដីរបស់អ៊ុយក្រែន ដែលរុស្ស៊ី បានដណ្ដើមកាន់កាប់ នៅដើម ខែកក្កដា ដើម្បីជួយដល់សាងសង់សំណង់នានាឡើងវិញ៕