រដ្ឋធានីម៉ានីល៖ ជម្លោះដែនទឹកនៅសមុទ្រចិនខាងកើត និង សមុទ្រចិនខាងត្បូង បានជំរុញឲ្យជប៉ុន និង ហ្វីលីពីន ដែលជាសម្ពន្ធមិត្តដ៏យូរលង់របស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី មានការភ័យព្រួយបារម្ភយ៉ាងខ្លាំង ហើយបង្កើតកិច្ចព្រមព្រៀងការពារជាតិ សម្រាប់អនុញ្ញាតឲ្យប្រទេសនីមួយៗ មានសិទ្ធិបញ្ជូនទ័ពទៅកាន់ដែនដីរបស់ពួកគេទៅវិញទៅមក។
បណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បាន ផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ថា ជប៉ុន-ហ្វីលីពីន នឹងកំណត់ពេលចុះហត្ថលេខា លើកតិកាការពារជាតិដ៏សំខាន់បំផុតមួយ នៅថ្ងៃចន្ទ (ទី៨ ខែកក្កដា ឆ្នាំ២០២៤)នេះ។ កិច្ចព្រមព្រៀងការពារជាតិ រវាងប្រទេសទាំង២នេះ នឹងអនុញ្ញាតឲ្យកងទ័ពរបស់ប្រទេសនីមួយ ដាក់ពង្រាយទៅវិញទៅមក នៅលើដែនដីរបស់ប្រទេសទាំង២នេះ។
លោក មីណូរូ គីហារ៉ា (Minoru Kihara) រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន និង លោក យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) រដ្ឋមន្រ្ដីក្រសួងការបរទេសជប៉ុន នឹងជួបចរចាកម្រិតខ្ពស់ នៅទីក្រុងម៉ានីល ជាមួយនឹងសមភាគីហ្វីលីពីន លោក ហ្គីលប៊័រតូ តេអូដូរ៉ូ (Gilberto Teodoro) រដ្ឋមន្រ្ដីក្រសួងការពារជាតិ និង លោក អេនរីគ ម៉ាណាឡូ (Enrique Manalo) រដ្ឋមន្រ្ដីក្រសួងការបរទេស។។
ប្រទេសហ្វីលីពីន និង ជប៉ុន ជាសម្ពន្ធមិត្តដ៏យូរលង់ណាស់មកហើយរបស់សហរដ្ឋអាមេរិក ហើយប្រទេសទាំង២នេះ កំពុងតែធ្វើឲ្យទំនាក់ទំនងលើវិស័យការពារជាតិ កាន់តែស៊ីជម្រៅ ស្របពេលមានការប្រឈមមុខយ៉ាងខ្លាំង នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។
ដោយឡែក ការិយាល័យទំនាក់ទំនងរបស់ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ ថា លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីហ្វីលីពីន នឹងធ្វើជាសាក្សី នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានសិទ្ធិប្រើប្រាស់លើដែនដីគ្នាទៅវិញទៅមក ហៅកាត់ RAA ដែលប្រទេសទាំង២បានចរចាគ្នា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ នឹងផ្ដល់សិទ្ធិដល់ជប៉ុន និង ហ្វីលីពីន ត្រូវបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ដែនដីរបស់ប្រទេសនីមួយ សម្រាប់ការហ្វឹកហ្វឺ និង ធ្វើប្រតិបត្ដិការយោធានានា។
លោក កាហ្ស៊ូយ៉ា អេនដូ (Kazuya Endo) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅទីក្រុងម៉ានីល បានបញ្ជាក់ នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ថា ការចរចាជិតដល់ទីបញ្ចប់ហើយ ខណៈគាត់បានដាក់ទង់វិវឌ្ឍដ៏សំខាន់ នៅក្នុងការផ្គត់ផ្គង់ឧបករណ៍ការពារជាតិរបស់ប្រទេសជប៉ុន ជួយដល់ប្រទេសហ្វីលីពីន។
កិច្ចពិភាក្សានេះបានធ្វើឡើង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង នៅសមុទ្រចិនខាងត្បូង រវាងកងឆ្មាំសមុទ្រចិន និង ហ្វីលីពីន ខណៈក្រុងប៉េកាំង បាន និង កំពុងតែបង្កើននូវកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញនូវការទាមទាររបស់ខ្លួន ចំពោះសមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ស្ទើរតែទាំងស្រុង ជាដែនអធិបតេយ្យភាពរបស់ចិន។ សមុទ្រចិនខាងត្បូងនេះ ក៏ជាទីសម្បូណ៌ដោយភោគទ្រព្យធម្មជាតិច្រើនឥតគណនា និង ជាទីឆ្លងកាត់ពាណិជ្ជកម្មប្រចាំឆ្នាំ រហូតដល់ជាង៣ពាន់ពាន់លានដុល្លារអាមេរិក ទៅកាន់ទីផ្សាររបស់ពិភពលោក។
ដោយឡែក ឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរបំផុតចុងក្រោយមួយ បានកើតឡើង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្របពេលកងឆ្មាំសមុទ្ររបស់ចិន ប្រដាប់ដោយកាន់កាំបិត ដំបង និង ពូថៅ បានឡោមព័ទ្ធ និង បានឡើងទៅលើទូកចំនួន៣របស់កងទ័ពជើងទឹកហ្វីលីពីន នៅក្នុងអំឡុងពេលបេសកកម្មនាំយកស្បៀងអាហារ និង សម្ភារផ្សេងៗ ទៅបន្ដផ្គត់ផ្គង់ដល់កងទ័ពរបស់ខ្លួន នៅ Thomas Shoal ទី២ ស្ថិតនៅប្រជុំកោះស្ព្រាតលី (Spratly)។ ស្របគ្នានេះ រដ្ឋាភិបាលក្រុងតូក្យូ និង ក្រុងប៉េកាំង ក៏កំពុងតែកើតមានជម្លោះជាមួយគ្នា នៅប្រជុំកោះ ដែលគ្រប់គ្រងដោយជប៉ុន នៅសមុទ្រចិនខាងកើត៕