2024-07-09 10:23
214

រដ្ឋធានីមូស្គូ៖ នៅក្នុងមួយរយៈពេលចុងក្រោយ នៃសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន នោះ អ៊ុយក្រែន តែងតែប្រើប្រាស់ដ្រូនតូចៗ មានតម្លៃថោក សម្រាប់វាយប្រហារទៅលើមូលដ្ឋានយោធានានារបស់ទាហានរុស្ស៊ី ប៉ុន្ដែឥឡូវ រដ្ឋាភិបាលក្រុងមូស្គូ កំពុងតែងាកទៅប្រើប្រាស់យុទ្ធសាស្រ្ដចាស់ នាសម័យសង្គ្រាមលោកលើកទី២ សម្រាប់បង្រ្កាប ឬ ទប់ទល់ជាមួយនឹងដ្រូនរបស់ក្រុងកៀវ។

សារព័ត៌មាន Business Insider បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ថា រុស្ស៊ី កំពុងតែមានផែនការប្រើប្រាស់របាំងបាឡុង ដើម្បីទប់ទល់នឹងការវាយប្រហារ ដោយដ្រូនរបស់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន។ បាឡុងទាំងនោះ នឹងមានកម្ពស់ រហូតដល់៣០០ម៉ែត្រ ហើយអាចទម្លាក់សំណាញ់របស់វាប្រវែង២៥០ម៉ែត្រ ដើម្បីបញ្ឈប់នូវដ្រូននានាឆ្លងកាត់។ យុទ្ធសាស្រ្ដប្រើប្រាស់បាឡុងជារបាំងការពារបែបនេះ ធ្លាប់ប្រើប្រាស់រួចមកហើយ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី១ និង សង្គ្រាមលោកលើកទី២។

បើតាមសេចក្ដីរាយការណ៍ កាលពីពេលថ្មីៗនេះ បានឲ្យដឹង ថា រុស្ស៊ី កំពុងតែបង្កើតបណ្ដាញសំណាញ់របាំងបាឡុង ដើម្បីទប់ទល់នឹងការវាយប្រហារ ដោយដ្រូនរបស់អ៊ុយក្រែន។ នេះជាការងាកទៅរកគំនិតបំផុតជាយុទ្ធសាស្រ្ដ ធ្លាប់ប្រើប្រាស់ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី១ និង លើកទី២។

បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋ រុស្ស៊ី RIA Novosti បានរាយការណ៍ ថា លោកស្រី ផូលីណា អាល់ប៊ែក (Polina Albek) អគ្គនាយិកាក្រុមហ៊ុនអវកាសរុស្ស៊ី First Airship បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងសានផែធើសប៊ឺគ (St. Petersburg) នាសប្ដាហ៍នេះ ថា ក្រុមហ៊ុនរបស់ខ្ញុំ កំពុងតែបង្កើតសំណាញ់ការពារ។ សកម្មភាពដ៏សំខាន់របស់យើង កំពុងតែសាងសង់យានដឹកទំនិញតាមអាកាស ប៉ុន្ដែបច្ចុប្បន្ន ដោយផ្អែកលើកបទពិសោធន៍របស់ដូនតាយើង យើងកំពុងតែបង្កើតប្រព័ន្ធរបាំងការពារបែបនេះ។

បាឡុងការពារទាំងនោះ ត្រូវបានរចនាឡើង រហូតដល់៣០០ម៉ែត្រ នៅមុនទម្លាក់សំណាញ់ប្រវែង២៥០ម៉ែត្រ ដើម្បីចាប់ដ្រូន។ បាឡុងទាំងនោះ អាចផ្ទុករហូតដល់ទម្ងន់៣០គីឡូក្រាម។
លោកស្រីអគ្គនាយិកា បានបន្ថែម ថា បាឡុងទាំងនោះ អាចបំពាក់ដោយកាំភ្លើងខ្យល់ សម្រាប់បាញ់បំបែកសំណាញ់ ចាប់ទៅលើដ្រូន ដែលហោះចូលមក។ ប្រព័ន្ធទាំងនេះ ត្រូវបានសាកល្បងរួចមកហើយ និង មានការបញ្ជាទិញជាលើកដំបូងផងដែរ។

របាំងបាឡុងទាំងនេះ ធ្លាប់ប្រើប្រាស់ជាលើកដំបូង នៅក្នុងសង្គ្រាមលោកលើកទី១ ប៉ុន្ដែវាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចការពារចក្រភពអង់គ្លេស នាអំឡុងសង្គ្រាមលោកលើកទី២។ បើតាមសារមន្ទីរសង្គ្រាមអធិរាជក្រុងឡុងដ៍ បានឲ្យដឹង ថា ចក្រភពអង់គ្លេស មានបាឡុងសំណាញ់ ចំនួន ២ ៧៤៨គ្រឿង ធ្លាប់ប្រើប្រាស់ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ១៩៤១។ បាឡុងប្រភេទនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអំឡុងព្រឹត្ដិការណ៍ D-Day នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ដោយបានការពារដល់ទាហាន និង នាវារបស់សម្ពន្ធមិត្ត។ បាឡុងទាំងនោះ បានបង្ខំឲ្យយន្ដហោះរបស់អាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក អាដូលហ្វ៍ ហ៊ីត្លែរ (Adolf Hitler) ត្រូវតែហោះហើរ នៅក្នុងរយៈកម្ពស់ខ្ពស់ ដែលធ្វើឲ្យមានការពិបាកកំណត់គោលដៅវាយប្រហារ។

ចាប់តាំងពីរុស្ស៊ី បានបើកការវាយលុកទ្រង់ទ្រាយធំ ចូលឈ្លានពានទៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក កងទ័ពអ៊ុយក្រែន បាន និង កំពុងតែបន្ដកំណត់គោលដៅទៅលើហេដ្ឋានរចនាសម្ព័ន្ធថាមពល និង មូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ជាមួយនឹងការវាយប្រហារ ដោយដ្រូន ហោះហើរ រយៈចម្ងាយឆ្ងាយ។

លោកឧត្ដមសេនីយ៍ គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ប្រមុខនាយកដ្ឋានទីភ្នាក់ងារចារកម្ម ក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ដល់សារព័ត៌មាន The War Zone កាលពីអំឡុងខែមិថុនា ថា កងទ័ពអ៊ុយក្រែន បានប្រើប្រាស់ដ្រូន ចំនួន៧០គ្រឿង វាយប្រហារទៅលើមូលដ្ឋានកងទ័ពអាកាសម៉រ៉ូហ្សូវស្ក៍ (Morozovsk) ស្ថិតក្នុងតំបន់រ៉ូស្ដូវ (Rostov) ប្រទេសរុស្ស៊ី ដែលមានចម្ងាយ ប្រហែលជាង៣២១គីឡូម៉ែត្រ ពីព្រំដែនរបស់អ៊ុយក្រែន។ នៅក្នុងអំឡុងខែមិថុនា នោះដែរ អ៊ុយក្រែន ក៏បានវាយប្រហារទៅលើយន្ដហោះចម្បាំងបំបាំងកាយពហុមុខងារដ៏ល្បីល្បាញរបស់រុស្ស៊ី ប្រភេទ Su-57 ចំនួន១គ្រឿង នៅក្នុងមូលដ្ឋានកងទ័ពអាកាសអាកទូប៊ីនស្ក៍ (Akhtubinsk) នាភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែលជាង៥៧៩គីឡូម៉ែត្រ ពីសមរភូមិ នៅលើទឹកដីរបស់អ៊ុយក្រែន៕