2024-10-04 03:10
74

(កាតា)៖ អាមៀរនៃប្រទេសកាតា Sheikh Tamim bin Hamad Al-Thani បានថ្កោលទោសអ៊ីស្រាអែល ចំពោះអ្វីដែលទ្រង់ហៅថា «អំពើប្រល័យពូជសាសន៍រួម» នៅក្នុង តំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីនៅទីក្រុងដូហា Sheikh Tamim បានមានព្រះបន្ទូលថា «វាកាន់តែច្បាស់ថា អ្វីដែលកំពុងកើតឡើងគឺជាអំពើប្រល័យពូជសាសន៍ ដែលកំពុងប្រែក្លាយតំបន់ហ្គាហ្សាទៅជាតំបន់មិនអាចរស់នៅបាន ដើម្បីរៀបចំសម្រាប់ការបណ្តេញប្រជាជនចេញ»។ ទន្ទឹមគ្នានេះ ទ្រង់ក៏បានថ្កោលទោសការវាយប្រហារតាមអាកាស និងប្រតិបត្តិការយោធាដីគោករបស់អ៊ីស្រាអែលនៅលីបង់ផងដែរ។ គួរបញ្ជាក់ថា អ៊ីស្រាអែលបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ថា ខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា។ ជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស បានចាប់ផ្តើមកាលពីមួយឆ្នាំមុន បន្ទាប់ពីហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល ដោយសម្លាប់មនុស្ស ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៥០ នាក់។ ការវាយប្រហារតបតរបស់អ៊ីស្រាអែលនៅហ្គាហ្សា បានបណ្តាលឱ្យមានមនុស្សស្លាប់ជាង ៤១,៥០០នាក់៕