2024-10-04 15:38
99

(កៀវ)៖ ប្រមុខអង្គការ NATO ថ្មី លោក Mark Rutte បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ជាលើកដំបូងក្នុងតួនាទីថ្មីរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy អំពីសង្គ្រាម និង «ផែនការជ័យជំនះ» របស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក Rutte បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អង្គការ NATO ក្នុងការគាំទ្រអ៊ុយក្រែន និងបាននិយាយថា អ៊ុយក្រែនកាន់តែខិតជិតទៅរកការចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ។ ជាមួយគ្នានេះ លោក Zelenskiy បានស្នើឱ្យសម្ព័ន្ធមិត្តអ៊ុយក្រែន ជួយបាញ់ទម្លាក់មីស៊ីល និងយន្តហោះដ្រូនគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលរុស្ស៊ីប្រើប្រាស់ក្នុងការវាយប្រហារអ៊ុយក្រែន។ លោកក៏បានអំពាវនាវឱ្យសម្ព័ន្ធមិត្ត អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលពួកគេផ្តល់ ដើម្បីវាយប្រហារគោលដៅនៅក្នុងទឹកដីរុស្ស៊ី ដើម្បីរំខានដល់ប្រព័ន្ធភស្តុភារ និងខ្សែសង្វាក់បញ្ជាការរបស់រុស្ស៊ីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តអ៊ុយក្រែននៅតែប្រយ័ត្នប្រយែងចំពោះការឆ្លើយតបរបស់រុស្ស៊ី ហើយមិនទាន់សម្រេចចិត្តអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារគោលដៅជ្រៅៗនៅក្នុងប្រទេសរុស្ស៊ីនៅឡើយទេ។ លោក Rutte ដែលធ្លាប់បម្រើការជានាយករដ្ឋមន្រ្តីហូឡង់ ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រដ៏រឹងមាំរបស់អ៊ុយក្រែន និងបានយល់ព្រមផ្ទេរយន្តហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន។ ការទស្សនកិច្ចរបស់លោកនៅអ៊ុយក្រែន បង្ហាញពីការប្តេជ្ញាចិត្តរបស់អង្គការ NATO ក្នុងការគាំទ្រអ៊ុយក្រែន និងជំរុញដំណើរការចូលជាសមាជិករបស់ប្រទេសមួយនេះ៕