2024-11-06 03:11
35

រដ្ឋធានីវ៉ាស៊ីនតោន៖ ការបោះឆ្នោត នៅសហរដ្ឋអាមេរិក បានចាប់ផ្ដើមដំណើរការ កាលពីព្រឹក ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយត្រូវបានគេកំណត់ ថា ជាការចំណាយដ៏ច្រើនបំផុត នៅក្នុងប្រវត្ដិសាស្រ្ដ ដោយបានកើតឡើង រហូតដល់១៥,៩ពាន់លានដុល្លារអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមអង្គការមិនស្វែងរកកម្រៃ OpenSecrets (អូផេនសេក្រេតស៍) បានឲ្យដឹង ថា ការចំណាយនេះ ដោយរាប់បញ្ចូលទាំងការបោះឆ្នោតសភា កើនលើសពី១៥,១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២០ ហើយវាកើនទ្វេដង លើសពីឆ្នាំ២០១៦ ដោយចំណាយត្រឹមតែ៦,៥ពាន់លានដុល្លារ។

នៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីយ៉ាងក្តៅគគុកនេះ អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហាររីស (Kamala Harris) បានលេចចេញ ក្លាយជាអ្នកដឹកនាំរៃអង្គាសប្រាក់។ នៅក្នុងយុទ្ធនាការរបស់លោកស្រី បានរៃអង្គាសប្រាក់បានជាង១ពាន់លានដុល្លារអាមេរិក ហើយក្នុងនោះមានចំនួន៤០ភាគរយ បានមកពីម្ចាស់ជំនួយតូចៗ បូកបន្ថែមប្រាក់៥៨៦លានដុល្លារអាមេរិក បានមកពីគណៈកម្មាធិការគាំទ្រសកម្មភាពនយោបាយ។

ដោយឡែកយុទ្ធការរបស់លោក ដូណាល់ ត្រាំ រៃអង្គាសប្រាក់បានចំនួន៣៨២លានដុល្លារដោយ២៨ភាគរយ បានមកពីម្ចាស់ជំនួយតូចៗ ខណៈគណៈកម្មាធិការពាក់ព័ន្ធ បានរួមចំណែកចំនួន៦៩៤លានដុល្លារអាមេរិក។ រីឯម្ចាស់ជំនួយធំជាងគេ គឺលោក ធីម៉ូធី ម៉ែលោះឡុន ( Timothy Mellon) ជាអ្នកស្នងមរតកធនាគារ មានអាយុកាល៨២ឆ្នាំ បានបរិច្ចាគចំនួន១៩៧លានដុល្លារអាមេរិក ដល់បុព្វហេតុរបស់លោក ត្រាំ និង គណបក្សសាធារណរដ្ឋ។ ចំណែកអ្នកគាំទ្រផ្សេងៗទៀតរបស់គណបក្សសាធារណរដ្ឋ មានដូចជា លោក អេឡុន ម៉ាសខ៍ នាយកប្រតិបត្ដិ Tesla និង SpaceX, លោក រីឆាដ (Richard) …ជាដើម បរិច្ចាគចំនួន១០០លានដុល្លារដល់លោក ដូណាល់ ត្រាំ និង គណបក្សនេះ។

ស្របគ្នានេះខាងគណបក្សប្រជាធិបតេយ្យ គឺលោក មីឆែល ប៊្លូមប៊ឺគ (Michael Bloomberg) បានបរិច្ចាគ រហូតដល់៥០លានដុល្លារ ខណៈលោក ចច សូរ៉ូស (George Soros) បានផ្ដល់លុយចំនួន៥៦លានដុល្លារ តាមរយៈគណៈកម្មាធិការសកម្មភាពនយោបាយរបស់គាត់។ 

សរុបទាំងអស់ចំនួន១០,៥ពាន់លានដុល្លារអាមេរិក ត្រូវបានចំណាយលើការផ្សព្វផ្សាយ សម្រាប់យុទ្ធនាការឃោសនា ចាប់ពីប្រធានាធិបតី រហូតដល់មន្ត្រីក្នុងតំបន់។ នេះបើតាមទិន្នន័យ ដែលចងក្រង ដោយក្រុមហ៊ុនតាមដានការផ្សាយពាណិជ្ជកម្ម AdImpact (អេដអ៊ីមផេក)។

យុទ្ធនាការឃោសនារបស់លោកស្រី  ហាររីស និង លោក ត្រាំ បានចំណាយប្រាក់ចំនួន ២,៦ពាន់លានដុល្លារអាមេរិក លើការផ្សព្វផ្សាយ ចាប់ពីខែមីនា ដល់ថ្ងៃទី១ ខែវិច្ឆិកា។ គណបក្សប្រជាធិបតេយ្យ បានចំណាយប្រាក់ចំនួន ១,៦ពាន់លានដុល្លារអាមេរិក ខណៈគណបក្សសាធារណរដ្ឋ បានចំណាយចំនួន៩៩៣លានដុល្លារ៕
គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ បានបន្តនាំមុខលោកស្រី កាម៉ាឡា ហារីស ដោយទទួលបានអង្គបោះឆ្នោត ២៣០ ទល់នឹង១៧៩ ។

បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ២៣០ ទល់នឹង១៧៩។ នេះបើតាមសារព័ត៌មានលំដាប់ពិភពលោក AP ចេញផ្សាយភ្លាមៗ។

ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ឬលោកស្រី ហារីស ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប៕