2024-11-22 14:58
14

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការវាយប្រហារដោយកងកម្លាំងរបស់លោកទៅលើទីក្រុង Dnipro នៃភាគខាងកើតប្រទេសអ៊ុយក្រែន គឺត្រូវធ្វើឡើងដោយប្រើ មីស៊ីលថ្មីមួយ មានរយៈចម្ងាយមធ្យម កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

លោកបាននិយាយថា កាំជ្រួចដែលមានរហស្សនាមថា Oreshnik គឺជាការឆ្លើយតបទៅនឹងការប្រើប្រាស់រយៈចម្ងាយឆ្ងាយ របស់អ៊ុយក្រែន, សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស  ដើម្បីវាយប្រហារគោលដៅនៅរុស្ស៊ី។ លោកពូទីន បានបន្ថែមថា រុស្ស៊ីអាចវាយប្រហារទីតាំងយោធានៃប្រទេសទាំងនោះ ដែលជាការអនុញ្ញាតឲ្យអាវុធរបស់ពួកគេប្រើប្រាស់សម្រាប់គោលបំណងនេះ។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើការប្រើប្រាស់នូវកាំជ្រួច ATACMS របស់សហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះ នៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការប្រើប្រាស់មីស៊ីលថ្មីរបស់រុស្ស៊ីគឺជា "ការកើនឡើងយ៉ាងច្បាស់ និងធ្ងន់ធ្ងរនៅក្នុងទំហំ និងភាពឃោរឃៅនៃសង្រ្គាមនេះ"។

លេខាធិការរងសារព័ត៌មានរបស់មន្ទីរបញ្ចកោណគឺលោក Sabrina Singh បាននិយាយថា សហរដ្ឋអាមេរិកត្រូវបានជូនដំណឹង "យ៉ាងខ្លី" មុនពេលមីស៊ីលនេះត្រូវបានដាក់ឱ្យដំណើរការតាមរយៈបណ្តាញកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ ដែលត្រូវបានប្រើដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីបញ្ហារួមទាំងការជូនដំណឹងអំពីការបាញ់បង្ហោះមីស៊ីលនេះ។

ចំណែកឯលោកពូទីន ក៏បានបន្ថែមដែរថា ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិក និងអង់គ្លេស នៅថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហាររួមគ្នាលើទីតាំងស្មុគស្មាញយោធា និងឧស្សាហកម្មរបស់អ៊ុយក្រែន ។ ហើយលោកក៏បានបន្តទៀតថា លោកនឹងធ្វើការព្រមានទៅដល់លោកខាងលិចថា រុស្ស៊ីគឺពិតជាបានត្រៀមខ្លួចរួចរាល់ជាស្រេចសម្រាប់ការវិវឌ្ឍណាមួយ។ ហើយប្រសិនបើអ្នកណាម្នាក់ នៅតែសង្ស័យទៅលើរឿងនេះ ពួកគេមិនគួរមានការឆ្លើយតបនោះឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានផ្ដល់ឲ្យអ៊ុយក្រែននូវដំណើរការប្រើប្រាស់មីស៊ីល ដែលមានរយៈចម្ងាយឆ្ងាយរបស់កងទ័ព Tactical Missile System (ATACMS) ដើម្បីធ្វើការវាយប្រហារទៅលើរុស្ស៊ី។ ហើយកាលពីថ្ងៃពុធ អ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសប្រឆាំងនឹងគោលដៅរបស់រុស្ស៊ី។ នៅថ្ងៃដដែល លោក Biden ក៏បានយល់ព្រមផ្តល់គ្រាប់មីនប្រឆាំងមនុស្សដល់អ៊ុយក្រែនផងដែរ។

ចលនារបស់លោកខាងលិច ទំនងជាឆ្លើយតបទៅនឹងការដាក់ពង្រាយទាហានកូរ៉េខាងជើងរបស់ទីក្រុងមូស្គូ ខណៈដែលរុស្ស៊ីបានរៀបចំសម្រាប់ការវាយលុកក្នុងគោលបំណងជំរុញកងទ័ពអ៊ុយក្រែន ចេញពីតំបន់តូចមួយដែលពួកគេបានកាន់កាប់នៅក្នុងតំបន់ Kursk របស់រុស្ស៊ី។

រីឯលោក ពូទីន វិញហាក់ដូចជាមានប្រតិកម្មចំពោះទង្វើទាំងអស់នេះ ហើយលោកកំពុងតែធ្វើឲ្យស្ថានភាពកាន់តែមានការតានតឹងបន្ថែមទៀត ដោយលោកបានធ្វើការបន្ធូរបន្ថយនូវលក្ខខណ្ឌនៅក្នុងការប្រើប្រាស់សម្រាប់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ ហើយពេល រុស្ស៊ីកំពុងតែបានបង្កើននូវការវាយប្រហារទៅតាមផ្លូវអាកាស ដែលជាការប្រឆាំងទៅនឹងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ខណៈដែលកងកម្លាំងជើងគោករបស់រុស្ស៊ីបន្តការឈានទៅមុខរបស់ពួកគេនៅភាគខាងលើកើតអ៊ុយក្រែន។