2024-11-22 15:12
15

សង្ស័យពុលមេតាណុលពីភេសជ្ជៈ ដែលមានជាតិពុលត្រូវបានគេរាយការណ៍ថា បានសម្លាប់អ្នកទេសចរណ៍ចំនួន ៥ នាក់ នៅក្នុងទីក្រុងវិស្សមកាលក្នុងប្រទេសឡាវ កាលពីពីរសប្ដាហ៍កន្លងទៅ។ 

ដែលនៅក្នុងនោះរួមមាន ស្រ្តីជនជាតិអង់គ្លេសម្នាក់, ស្រ្តីជនជាតិអូស្ត្រាលីម្នាក់, បុរសជនជាតិអាមេរិកម្នាក់ រួមនឹងជនជាតិដាណឺម៉ាកពីរនាក់ បានស្លាប់បាត់បង់ជីវិត ខណៈស្រ្តីជនជាតិអូស្ត្រាលីម្នាក់ទៀត កំពុងតែស្ថិតនៅក្នងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យនៅឡើយ។

ហើយចំពោះការស្លាប់នេះ នៅតែកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីស ប៉ុន្តែបើយោងទៅតាមរបាយការណ៍ព័ត៌មាន និងសក្ខីកម្មតាមអ៊ីនធឺណេតពីអ្នកទេសចរផ្សេងទៀតបានបង្ហាញថា ពួកគេប្រហែលជាបានទទួលទានភេសជ្ជៈដែលមានជាតិមេតាណុល ដែលវាជាសារធាតុនៅក្នុងការបង្ករឲ្យមនុស្សស្លាប់ជាញឹកញាប់ ជាពិសេសគឺត្រូវបានរកឃើញនៅក្នុងគ្រឿងស្រវឹង។

ប៉ុន្តែបើទោះបីជារដ្ឋាភិបាលបរទេស បានធ្វើការប្រកាសការព្រមានអំពីការទទួលទាននូវគ្រឿងស្រវឹងនៅកន្លែងទាំងនេះក៏ដោយ ក៏នៅតែមានអ្នកយល់ដឹងតិចតួចដែលទាក់ទងជាមួយនឹងការទទួលទានដែលមានផ្ទុកនូវសារធាតុមេតាណុលនេះផងដែរ។

មេតាណុល គ្មានរសជាតិ និងគ្មានពណ៌ ដូចនេះវាពិតជាពិបាកនៅក្នុងការរកឃើញនៅក្នុងភេសជ្ជៈណាស់ហើយជាធម្មតាអ្នកដែលរងគ្រោះ គឺមិនមានការបញ្ចេញនូវរោគសញ្ញានៃការពុលនេះភ្លាមៗនោះទេ។

  តើការពុលមេតាណុលគឺជាអ្វី?

មេតាណុល គឺជាជាតិអាល់កុលដែលមានជាតិពុល ដែលភាគច្រើនគេប្រើប្រាស់វានៅក្នុងផលិតផលឧស្សាហកម្ម ថ្នាំលាបស្ដើង សារធាតុប្រឆាំងការកកិត និងវត្ថុរាវម៉ាស៊ីនថតចម្លងជាដើម។

វាគឺមានពណ៌ និងមានក្លិនស្រដៀងទៅនឹងជាតិអាល់កុលអេទីល ដែលជាសារធាតុគីមីដែលមាននៅក្នុងភេសជ្ជៈដែលមានជាតិអាល់កុល។ មេតាណុល ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្ស ដោយគ្រាន់តែផឹក ២៥ មីលីលីត្រប៉ុណ្ណោះក៏អាចបណ្ដាលឲ្យមនុស្សស្លាប់បានផងដែរ។

វាអាចចំណាយពេលរហូតទៅដល់ ២៤ ម៉ោងសម្រាប់ជនរងគ្រោះនៅក្នុងការបង្ហាញចេញនូវរោគសញ្ញានៃជម្ងឺដែលរួមមានដូចជា៖ ក្អួតចង្អោរ និងឈឺពោះ ដែលអាចកើនឡើងទៅជាជម្ងឺលើសសម្ពាធឈាម និងបញ្ហាផ្លូវដង្ហើមជាដើម។

  តើបញ្ហានេះនៅអាស៊ីអាគ្នេយ៍កើតមានញឹកញាប់ប៉ុណ្ណា?

នៅអាស៊ី អត្រានៃការពុលមេតាណុលនេះ គឺខ្ពស់បំផុតនៅទូទាំងពិភពលោក នេះបើយោងតាមមូលដ្ឋានទិន្នន័យ MSF។ ហើយការផ្ទុះឡើងនេះ ជារឿយៗគឺតែងតែកើតនៅក្នុងប្រទេសដូចជា ឥណ្ឌូនេស៊ី, ឥណ្ឌា, កម្ពុជា, វៀតណាម, និងហ្វីលីពីន ជាដើម។