
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង បានប្រកាសម្រេច «ដកតំណែង» ប្រធានាធិបតី លោក យូន សុក យុល Yoon Suk Yeol ជាផ្លូវការ នៅថ្ងៃសុក្រ ទី០៤ ខែមេសានេះ ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់ នៅក្នុងខែធ្នូ ដែលនាំឱ្យមានវិបត្តិនយោបាយក្នុងប្រទេសធ្ងន់ធ្ងរ។
សាលក្រមដែលបានអានដោយប្រធានតុលាការស្តីទី លោក មូន យ៉ុងបេ (Moon Hyung-bae) និងត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ បានចូលជាធរមានភ្លាមៗដែលតម្រូវឱ្យប្រទេសធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីយ៉ាងខ្លីមួយ ដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់ លោក Yoon ក្នុងរយៈពេល ៦០ថ្ងៃ។
លោក Yoon ត្រូវបានចោទប្រកាន់ដោយសភាជាតិ ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង កាលពីពាក់កណ្តាលខែធ្នូ ពីបទ រំលោភលើរដ្ឋធម្មនុញ្ញ និងច្បាប់ ដោយប្រកាសដាក់កងទ័ព នៅថ្ងៃទី០៣ ខែធ្នូ ដើម្បីបញ្ឈប់សមាជិកសភាមិនឱ្យបោះឆ្នោតលើបទបញ្ជា និងបញ្ជាឱ្យចាប់ខ្លួនអ្នកនយោបាយ។
លោក Yoon បានបដិសេធការចោទប្រកាន់ទាំងអស់៕
