2025-04-27 13:27
10

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទោះបីយើងរងការប៉ះពាល់ការរីករាលដាលជំងឺកូវិដ១៩ និងបញ្ហាសេដ្ឋកិច្ចសាកលផង កម្ពុជា មិនដែលអាក់ខានដំឡើងប្រាក់បៀវត្សរ៍ជូនកម្មករ-កម្មការិនី តែប្រទេសជិតខាងយើងរួមទាំងប្រទេសមួយចំនួនដែលកំពុងប្រកួតប្រជែងក្នុងការនាំចេញដូចគ្នា ពេលខ្លះគេបាលផ្អាក ប៉ុន្តែកម្ពុជានៅតែដំឡើងជូនបងប្អូនទោះតិច ឬច្រើនក្តីទៅតាមលទ្ធភាពនេះជាសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាល»

សម្តេចថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ប្រមាណជិត ៦ពាន់នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ រាជធានីភ្នំពេញ 

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា៖ «មានប្រទេសខ្លះមិនត្រឹមតែមិនដំឡើងប្រាក់បៀវត្សរ៍ ប្រាក់ខែថែមទាំងលុយស្រកចុះទៀត ដោយសារប្រាក់ដុល្លារឡើងថ្លៃ តែប្រាក់ប្រទេសគាត់ធ្លាក់ចុះ ប្រៀបធៀបទៅនឹងទំនិញឡើងថ្លៃ រហូត ៣០ភាគរយ ប៉ុន្តែនៅកម្ពុជាអត់ទេ តិច ឬច្រើន ត្រូវតែដំឡើង ដែលនេះជាសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាល មិនមែននិយាយតែលើក្រដាស ឬលើមេក្រនោះទេ គឺជាការគិតគូរអំពីផលប្រយោជន៍របស់បងប្អូនកម្មករ-កម្មការិនី»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ថា៖ «ចំពោះអត្ថន័យនៃការដំឡើងប្រាក់បៀវត្សរ៍អប្បរមាជូនបងប្អូនកម្មករ គឺជាការគិតខ្ពស់របស់រដ្ឋាភិបាលចំពោះបងប្អូន ទោះបីជាដំឡើងត្រឹម ២ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែរដ្ឋាភិបាល ត្រូវស្នើទៅថៅកែសហគ្រាស នាយកក្រុមហ៊ុន ឬនយោជក ក្នុង១ឆ្នាំប្រមាណ ៤០លានដុល្លារ ដើម្បីយកទៅចែកជូនដល់ហោប៉ៅរបស់បងប្អូនកម្មករយើង»