2025-08-04 10:27
7

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងការពារជាតិ បានផ្ញើលិខិតផ្លូវការជូនដំណឹងដល់អនុព័ន្ធយោធាថៃប្រចាំកម្ពុជា ស្តីអំពីការសម្របសម្រួលជូនដំណើរប្រតិភូអង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ដើម្បីចុះទៅអង្កេតការណ៍នៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងឧត្តមានជ័យ ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ តទៅរហូតបញ្ចប់បេសកម្ម។

អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងទៀតថា នៅទី០៣ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) មកពី ៦ ប្រទេស រួមមាន៖ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម ដឹកនាំដោយ វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី ក្នុងនាមប្រទេសបានចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ដោយបេសកកម្មនេះមានរយៈពេល២សប្តាហ៍ពេញ។  

អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា៖ «សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់។ 

ការចូលរួមរបស់ប្រទេសដៃគូទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។

សូមជម្រាបថា ខាងលើនេះ គឺជាការថ្លែង របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី៕