
(ខេតប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារបានអញ្ជើញ ចុះពិនិត្យមើល ការបូមទឹកសង្គ្រោះស្រូវវស្សា របស់ប្រជាពលរដ្ឋជាង ៣៥០ហិកតា ស្ថិតនៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ឱ្យដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈម ដោយសារខ្វះទឹក គឺមិនត្រូវទុកឱ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឱ្យអស់លទ្ធភាពដែលមាននោះឡើយ ។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយបានទាន់ពេលវេលាបើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែបានណែនាំ និងជំរុញដល់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានសំណូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍ សង្គ្រោះស្រូវ តាម រយៈការបូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេលវេលា ប្រកបដោយ សមធម៌ និងតម្លាភាព ដែលជាការរួមចំណែកលើកស្ទួយជីវភាពរបស់ពលរដ្ឋតាមរយៈវិស័យកសិកម្ម។
បើតាមការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ ចំនួន៣៥០ហិកតា ស្ថិតក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅដោយបូមទឹកចេញពីស្ទឹងប៉ៃលិន ប្រើប្រាស់ម៉ាស៊ីនបូមទឹក ខ្នាតធំ៦៥សេះ ចំនួន២គ្រឿង ដោយធ្វើការបូមតគ្នា ២តំណ៕