2025-08-04 10:38
9

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ អ្វីដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន គឺព័ត៌មានក្លែងក្លាយ និងព័ត៌មានមានប្រភពមិនច្បាស់លាស់ មកបំពុលសតិអារម្មណ៍ ដែលធ្វើឱ្យស្ថានការណ៍មានភាពច្របូកច្របល់។ 

ដើម្បីទទួលបានព័ត៌មានពិត ច្បាស់លាស់សូមបងប្អូនប្រជាពលរដ្ឋតាមដានព័ត៌មានពីប្រភពផ្លូវការពីក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល និងគេហទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំកំពូលនៃរដ្ឋាភិបាល។

ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងក្នុង និងក្រៅប្រទេស សូមមេត្តាប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដែលងាយនឹងរីករាលដាលទាំងនៅលើវេទិកាផ្លូវការ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ 

យើងសូមជំរុញឱ្យអ្នកគ្រប់គ្នាមានការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ព័ត៌មានមុនពេលចែករំលែក។

នេះជាការលើកឡើង របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»  នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដើម្បីទទួលបានព័ត៌មានថ្មីៗត្រឹមត្រូវ និងអាចទុកចិត្តបាន យើងសូមលើកទឹកចិត្តឱ្យអ្នកតាមដានព័ត៌មានប្រចាំថ្ងៃរបស់យើង ហើយភ្ជាប់ទំនាក់ទំនងជាមួយទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ និងស្ថាប័នរបស់យើង រួមមាន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, អង្គភាពក្រសួងព័ត៌មាន, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិព័ត៌មាន និងកិច្ចការសាធារណៈ (PRP) ដែលទាំងនេះជាប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល៕