
ឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិថៃ កាលពីថ្ងៃអង្គារ ទី០៥ សីហា ឆ្នាំ២០២៥ អំពីវឌ្ឍនភាពនៃកិច្ចប្រជុំកម្រិតលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលកំពុងបន្តរវាងថៃ និងកម្ពុជា នៅម៉ាឡេស៊ី គឺថៃ បានដាក់ចេញនូវលក្ខខណ្ឌ ចំនួន ៨ ចំណុច សម្រាប់កិច្ចចរចា GBC។ នេះបើយោងតាមប្រព័ន្ធឃោសនារបស់ថៃ បានចុះផ្សាយនៅថ្ងៃពុធនេះ។
លោក Nattaphon Narkphanit បានបញ្ជាក់ថា សំណើ ចំនួន ៨ ចំណុច ដែលប្រទេសថៃបានដាក់ចេញនោះ គឺជាការកែសម្រួលទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ ក្នុងគោលបំណង ដើម្បីធានាសន្តិភាព និងដោះស្រាយជម្លោះ។ ប៉ន្តែរដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិថៃរូបនេះ មិនបានបញ្ជាក់ឲ្យដឹងចំណុចទាំង៨នោះទេលម្អិតនោះទេ។
រដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិថៃរូបនេះ បានធ្វើការចោទប្រកាន់មកលើប្រទេសកម្ពុជាថា «អំពីការរំលោភលើបទឈប់បាញ់រវាងយោធាកម្ពុជា-ថៃ» ហើយរាល់សកម្មភាពទាំងនេះ លោកអញអាងថា នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនាពេលខាងមុខផងដែរ។
ឧត្តមសេនីយ៍ Nattaphon Narkphanit បានបញ្ជាក់ថា គណៈប្រតិភូថៃ ដែលចូលរួមកិច្ចប្រជុំ GBC នេះ គឺមានតំណាងក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាឲ្យមានការពិភាក្សាពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយកម្ពុជា មានភាពទូលំទូលាយ។
ផ្ទុយមកវិញ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានឆ្លើយតបទៅភាគីថៃ ថា «រាល់ការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា អំពីការរំលោភកិច្ចព្រមព្រៀងឈប់បាញ់ គឺពុំមានមូលដ្ឋានសោះឡើយ និងមានគោលដៅបង្វែរការចាប់អារម្មណ៍របស់សាធារណមតិទាំងក្នុងប្រទេសថៃនិងអន្តរជាតិពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេស ការវាយប្រហារដោយឥតមូលហេតុប្រឆាំងនឹងទឹកដីរបស់កម្ពុជា»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ថា «កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបញ្ឈប់សកម្មភាពអមិត្តប្រឆាំងនឹងកម្ពុជាផងដែរ»។
ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការបញ្ជូនកងកម្លាំងប្រដាប់អាវុធ ការរាយបន្លាលួស ការចល័តគ្រឿងចក្រ និងជីលេណដ្ឋាន របស់យោធាថៃចូលក្នុងដែនអធិបតេយ្យភាពកម្ពុជានៅច្រកអានសេះ នៅថ្ងៃទី០៥ ខែសីហា គឺជាការរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្ដោយព្រំដែន។ កម្ពុជាទាមទារឱ្យភាគីថៃ បញ្ឈប់ទង្វើនេះជាបន្ទាន់ និងត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ។
សួមបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ី៕




