
ថៃ៖ មានអ្នករបួសជាច្រើននាក់ ក្នុងនោះរួមទាំងកុមារផងដែរ ក្នុងឧបទ្ទវហេតុនឹកស្មានមិនដល់មួយ ដោយរថភ្លើងល្បឿនលឿនថៃ បានក្រឡាប់ ធ្លាក់ចេញពីផ្លូវរត់នៅព្រឹកព្រលឹមវេលាម៉ោង ៥ ភ្លឺ ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៥ នេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃ Khaosod បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយខ្សែ បានក្រឡាប់ធ្លាក់ចេញពីផ្លូវរត់នៅស្រុក Kui Buri ខេត្ត Prachuap Khiri Khanប្រទេសថៃ មានគោលដៅឆ្ពោះទៅទីក្រុងបាងកក។
តាមការពិនិត្យបឋមរបស់អាជ្ញាធរថៃ បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកដំណើរមួយចំនួនបានរងរបួស ប៉ុន្តែមិនទាន់អាចកំណត់តួលេខជាក់លាក់បាននៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថា មានមនុស្សសរុបប៉ុន្មាននាក់ ដែលធ្វើដំណើរលើរថភ្លើងនេះផងដែរ។
ក្រោយកើតហេតុការណ៍ខាងលើ អាជ្ញាធរនៅតំបន់នោះ បានបញ្ជូនមន្រ្តីជំនាញជួយសង្រ្គោះ និងបើកការស៊ើបអង្កេតស្វែងរកមូលហេតុនៃការក្រឡាប់ធ្លាក់រថភ្លើង ចេញពីផ្លូវរត់មួយនេះ៕

