
ពោធិ៍សាត់៖ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា៖ «កងកម្លាំងកម្ពុជា ដែលកំពុងឈរជើងនៅតាមព្រំដែន ក្នុងតំបន់នោះ ការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា»។ ចំពោះការផ្សព្វផ្សាយព័ត៌មានថា «ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង មិនមែនជាការពិត»។ ដូច្នេះ សូមសាធារណជនទាំងអស់កុំមានការយល់ ច្រឡំ និងសូមកុំបន្តចែករំលែក។
យោធភូមិភាគទី៥ បានបញ្ជាក់ថា «សកម្មភាពនៃការឈូសឆាយ របស់យោធាថៃនោះ គឺនៅក្នុងផ្នែកនៃដីថៃ មិនមែនជាទឹកដីកម្ពុជានោះទេ»។
យោធភូមិភាគទី៥ សូមគូសបញ្ជាក់ថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយការ អះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់ថា «កម្ពុជា និងថៃ មានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេស សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០0 យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោល ជាមួយគ្នាចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើង វិញនៅក្នុងអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ (MoU2000)។
យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់ពី ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងសូមប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូល ដ្ឋានច្បាប់អន្តរជាតិ៕
