
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនថា «ព្រំដែនកម្ពុជា និងថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ដែលត្រូវបានកំណត់ដោយ អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១/២០០ ០០០ និងមានបង្គោលព្រំដែន ចំនួន ៧៤ បង្គោល ដែលត្រូវបានបោះកាលពីជាង ១០០ឆ្នាំមុន។ ខ្សែព្រំដែននេះ មានតម្លៃផ្លូវច្បាប់ រឹងមាំដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលមិនអាចត្រូវបានកែប្រែជាឯកតោភាគីដោយភាគីណាមួយបានឡើយ»។
កម្ពុជា សូមច្រានចោលចំពោះសម្តីមន្ត្រីយោធាថៃ ដែលបានអះអាងថា «កន្លែងដែលទាហានថៃបានជាន់ គឺជាទឹកដីរបស់ថៃ» ដែលសំដៅលើដីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រោះការប្រកាសរបស់យោធាថៃ គ្មានតម្លៃគតិយុត្តនោះឡើយ ហើយកម្ពុជារក្សាសិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញា សិទ្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។
នៅព្រឹក ថ្ងៃសុក្រ ទី១៧ ខែតុលានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បណ្តាញសារព័ត៌មានថៃមួយចំនួនបានចេញផ្សាយ ដោយស្រង់សម្តីមន្ត្រីយោធាថៃ ដែលអះអាងថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»។ ការអះអាងបែបនេះ សំដៅលើដីនៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគេបានដាក់របងលួសបន្លា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយបានឈូសឆាយ និងរាវមីននៅទីនោះជាឯកតោភាគី។
កម្ពុជា សូមគូសបញ្ជាក់ថា «គណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានព្រមព្រៀង រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) មានសមត្ថកិច្ចក្នុងការវាស់វែង និងកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរ»។ ក្នុងពេលរង់ចាំការវាស់វែងនិងការកំណត់ខណ្ឌសីមារបស់ JBC កម្ពុជា ប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយរវាងប្រទេសទាំងពីរ ព្រមទាំងច្បាប់អន្តរជាតិជាធរមាន។ កម្ពុជាទាមទារឱ្យភាគីថៃ គោរពនូវអ្វីដែលបានព្រមព្រៀងគ្នា ដោយទុកឱ្យ JBC ប្រជុំដោះស្រាយបញ្ហាខណ្ឌសីមា ចៀសវាងការធ្វើសកម្មភាពបង្កហេតុណាមួយ ដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមា របស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះ ក៏គ្មានតម្លៃគតិយុត្តនោះដែរ។ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្តែងការអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាចបង្កមហន្តរាយធំធេងដល់ប្រទេសជាតិ និងប្រជាជនទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់សិទ្ធិ ក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមអនុសញ្ញា សន្ធិសញ្ញា និង ច្បាប់អន្តរជាតិឡើយ»៕








