ភ្នំពេញ៖ ពិតជាគួរឱ្យសង្វែកណាស់ ពេលឃើញទិដ្ឋភាពបុណ្យសពរបស់អតីតតារាចម្រៀង និងសម្តែងជើងចាស់ លោក ពេជ្រ ភិរុណ ស្ថិតនៅបរិវេនវត្តទួល ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំ ប្រព្រឹត្តដោយភាពសោះកក្រោះបំផុត មិនឃើញមានវត្តមានតារាល្បីៗចូលរួមឡើយ។
សពលោក ពេជ្រ ភារុណ ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យនៅវត្តទួល ខណ្ឌឫស្សីកែវ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ខ្លួនប្រាណរបស់អតីតតារាល្បីល្បាញអំឡុងឆ្នាំ១៩៨០-១៩៩០នឹងត្រូវបានរលាយបាត់រសាត់អណ្តែតលើវេហារបន្សល់នូវតែស្នាមអនុសាវរីយ៍ជាច្រើនតាមរយៈសម្តែងចម្រៀង និងខ្សែភាពយន្តចាស់ៗប៉ុណ្ណោះ។
សូមជម្រាប់ថា លោក ពេជ្រ ភារុណ ជាអតីតសិល្បៈករមានកេរ្តឈ្មោះបោះសម្លែងក្នុងវិស័យសិល្បៈកាលពីទសវត្ស៨០ ជាអតីតស្វាមីអ្នកស្រី អម្ពរទេវី បានទទួលមរណភាព នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយរោគគារពាធ។
ក្រោយពីទទួលដំណឹងមរណភាពរបស់លោក ពេជ្រ ភារុណ មានអ្នកសិល្បៈ និងមិត្តភក្តិដែលធ្លាប់ស្គាល់លោកមួយចំនួនបានបង្ហោះនូវសារចូលលរួមរំលែកទុក្ខ និងសូមចូលរួមសោកស្តាយនៃការបាត់បង់អតីតតារាភាពយន្ត នៃប្រទេសកម្ពុជាផង។
ក្នុងនោះក៏ឃើញលោកស្រី អម្ពរ ទេវី តារាសម្តែងជើងចាស់ធ្លាប់ជាដៃសម្តែងយ៉ាងក្រម៉ិចក្រម៉ើម និងជាអតិតភរិយា បានបង្ហោះសារពាក់ព័ន្ធមរណភាពរបស់លោក ពេជ្រ ភារុណ ដោយអ្នកស្រីបានសរសេរថា «គ្រាន់តែបានទទួលដំណឹងភ្លាម… ខ្ញុំសែនរន្ធត់ចិត្តណាស់! សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់បងបានទៅកាន់ទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ »។
គួរបញ្ជាក់ផងដែរថា លោក ពេជ្រ ភារុណ ជាអតីតតារាសម្តែងជើងចាស់ដ៏ល្បីល្បាញមួយរូបក្នុងវិស័យសម្តែងខ្សែភាពយន្តខ្មែរ នាអំឡុងឆ្នាំ៨០ និង៩០។ ក្រោយមានការបែកបាក់ជាមួយភរិយាលោកបានឃ្លាតឆ្ងាយពីសិល្បៈប្រមាណជាង ២០ឆ្នាំមកនេះ និងមានភរិយាក្រោយប្រកបអាជីពជាអ្នកច្នៃម៉ូតដ៏ជំនាញម្នាក់ក្នុងគេហដានរបស់លោកម្តុំផ្សារចាស់។
សូមបញ្ជាក់ថា សពលោក ពេជ្រ ភារុណ មានអាយុ ៦៨ឆ្នាំ ហើយសពរបស់លោកត្រូវបានរៀបចំបូជានៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងទិដ្ឋភាពសោះកក្រោះបំផុត៕