2023-09-06 11:13
765

ភ្នំពេញ៖    សំណុំរឿងមេតុងទីន និងជាអ្នកជំនួញអនឡាញហាយសូដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកាត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកជំនុំជំរះ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្នុងបទល្មើស «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដឹកនាំដោយសហចៅចៅក្រមមានលោ ពេជ្រ វិជ្ជាធរ និងលោក វង្ស សាវ៉ាត។

ជនត្រូវចោទអ្នកនាង អឿង ម៉ូលីកា បានឆ្លើយសារភាពចំពោះមុខតុលាការថា «ខ្លួនពិតជាបានធ្វើជាមេតុងទីនប្រមូលយកលុយពីកូនតុងទីនច្រើននាក់យកទៅរកសុីមុខរបរផ្សេងទៀត និងចងការប្រាក់ជាដើម ហើយអ្នកជំពាក់ប្រាក់នាងមិនទាន់មានលុយសងមកវិញ ធ្វើឲ្យនាងខាតឡុងចុងមិនមានប្រាក់សងមកកូនតុងទីនវិញក៏ចេញជាសែកតម្កល់មកអោយដើមបណ្ដឹងជាបណ្ដោះអាសន្នសិន លុះកូនតុងទីនយកសែកទៅបើកប្រាក់មិនបានក៏ប្ដឹងរូបនាងតែម្ដង»។

សូមរំឭកថា ពិរុទ្ឌជន អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស (ម២) កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅជាប់ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់ជិត ៧០ម៉ឺនដុល្លារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់លោកស្រី ទិត ដាលីន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី។
ជនត្រូវចោទមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ជាអ្នករកស៊ីលើបណ្តាញអនឡាញ និងជាមេតុងទីនហាយសូ មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខបុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្លាប់បង្ហោះបង្អូតទ្រព្យសម្បត្តិលុយកាក់ទាំងដុំៗរាប់លានដុល្លារ រថយន្តស៊េរីទំនើបថ្លៃកប់ពពក ប៉ុន្តែលុយទាំងនោះបានមកពីការរកស៊ីបោកប្រាស់មិត្តភក្តិ សាច់ញាតិ និងបងប្អូនស្កាល់គ្នាសោះ លទ្ធផលចុងក្រោយត្រូវដេកគុក។

ពិរុទ្ធជនឈ្មោះបអឿន ម៉ូលីកា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមអំណាចដីការបស់តុលាការ និងដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះជាច្រើននាក់។

ក្រោយពីសាកសួរដេញដោយចៅក្រមជំនុំជំរះបានសម្រេចលើកយកទៅប្រកាសសាលក្រម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ រួចបង្គាប់ឲ្យឆ្នាំគុកនាំខ្លួន ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា ទៅឃុំខ្លួនពន្ធនាគារព្រៃស (ម២) វិញរងចាំដល់ថ្ងៃប្រកាសសាលក្រម៕