2024-11-25 13:46
68

តារាចម្រៀងរ៉េប Yuhai ជាមួយនឹង GMENGz ដែលត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថា គឺជាសិល្បករចម្រៀងរ៉េបវ័យក្មេង ដែលទើបតែដុះពន្លកថ្មីៗ ចេញពីកម្មវិធី The Rapper Cambodia រដូវកាលទី១ ដោយកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នាពេលកន្លងទៅនេះ បានមានការផ្ទុះកក្រើកពាសពេញបណ្ដាញសង្គម ទៅលើបទចម្រៀងថ្មីរួមគ្នាដំបូងរបស់ Yuhai ជាមួយនឹង GMENGz នៅក្នុងផលិតកម្មបារមីដែលមានចំណងជើងថា ម្ដងហើយម្ដងទៀត

ដោយនៅក្នុងនោះ គេសង្កេតឃើញថា គ្រាន់តែបទចម្រៀងរបស់តារាដែលទើបតែដុះពន្លកថ្មីនេះ បានចេញភ្លាមមិនដល់រយៈពេល ២៤ ម៉ោងផងក៏ស្រាប់តែមានការផ្ទុះនូវការចូលទៅទស្សនាយ៉ាងច្រើនរហូតទៅដល់ 100k ឯណោះ។ ប៉ុន្តែអមជាមួយនឹងការចូលទស្សនាយ៉ាងច្រើននេះ មហាជនក៏មានការចាប់អារម្មណ៍នូវឃ្លាមួយនៅក្នុងបទថ្មីរបស់ Yuhai ជាមួយនឹង GMENGz ដែលមាននៅក្នុងប៉ារ៉ូលថា ព្នងទើបចេញពីព្រៃ ។ ដែលឃ្លានៃប៉ារ៉ូលនេះហើយ បានធ្វើឲ្យមានការប៉ះពាល់ទៅដល់បងប្អូនជនជាតិដើមភាគតិចព្នង រហូតមានមហាជនកើតមាននូវការផ្ទុះប្រតិកម្មយ៉ាងខ្លាំង។

ភ្លាមៗ ដោយមិនបង្អង់យូរ បន្ទាប់ពីមានការផ្ទុះនូវប្រតិកម្មយ៉ាងខ្លាំងពីសំណាក់បងប្អូនជនជាតិដើមភាគតិចយ៉ាងខ្លាំងបែបនេះហើយនោះ មិនបង្អង់យូរ តារាវ័យក្មេងទាំងពីររូបគឺ Yuhai ជាមួយនឹង GMENGz ក៏បានចេញមកសុំទោសភ្លាមៗបន្ទាប់ពីកើតមាននូវកំហុសឆ្គងនៅក្នុងបទចម្រៀងរបសខ្លួនបែបនេះ។

បន្ថែមពីលើនេះ ផលិតកម្មបារមីក៏បានចេញនូវលិខិតសុំទោសជាសាធារណៈផងដែរ ចំពោះកំហុសឆ្គងដោយចេតនា ដែលធ្វើឲ្យប៉ះពាល់ទៅដល់បងប្អូនជនជាតិដើមភាគតិចបែបនេះ ហើយព្រមទាំងបានសម្រេចថាលុបចោលនូវ MV បទ ម្ដងហើយម្ដងទៀត ចេញពីគ្រប់បណ្ដាញសង្គមនានាថែមទៀតផង។