ស្ទឹងត្រែង៖ មនុស្សចំនួន ០២នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍ផ្ទុះផាវគ្រាប់បែក ខណៈពេលកំពុងកែច្នៃធ្វើជាគ្រាប់បែកដើម្បីយកទៅបោកត្រី ប៉ុន្តែភ្លាត់ឆ្នៀតក៏ផ្ទុះតែម្តង។
ហេតុការណ៍កែច្នៃផាវបែកកែច្នៃបណ្តាលឲ្យផ្ទុះខាងលើ បានកើតឡើងនៅវេលាម៉ោង ១៧និង ១០នាទីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
តាមរបាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សួង លី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
របាយការណ៍ បានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុជនរងគ្រោះទិញផាវគ្រាប់បែកធ្វើជាគ្រាប់បំផ្ទុះយលទៅបោកត្រី ប៉ុន្តែចៃដន្នអាក្រក់ខណៈពេលកំពុងកែច្នៃ ក៏បានផ្ទុះបណ្ដាលឲ្យខ្លួនរបួសធ្ងន់ និងក្មេងប្រុសម្នាក់ទៀតនៅក្បែរ មានឈ្មោះ ម៉ៅ ភារិទ្ធ អាយុ ៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នារងបួសធ្ងន់។
ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់របួសធ្ងន់និងបញ្ជូនឈ្មោះ សួង លី និង ឈ្មោះ ម៉ៅភារិទ្ធ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះអាយុជីវជនរងគ្រោះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងត្រួតពិនិត្យកន្លែងកើតហេតុស្រាវជ្រាវពីមូលហេតុនៃការផ្ទុះគ្រាប់កែច្នៃខាងលើ៕