2024-05-28 16:30
237

ក្រចេះ៖ សកម្មភាពលួចលាក់ធ្វើអាជីកម្មជីកយករ៉ែមាសយ៉ាងអនាធិបតេយ្យ ក្នុងដែនអាជ្ញាបណ្ណរបស់ ក្រុមហ៊ុន Late Cheng Mining Development Co., Ltd កំពុងសិក្សាស្រាវជ្រាវរ៉ែលោហៈ ត្រង់ចំណុច ថ្មពួយភ្នំជី តំបន់ព្រៃឡង់ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានចុះបង្ក្រាប។ 

 ប្រតិបត្តិការខាងលើ ធ្វើឡើងនឋោរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយ លោក គង់ គឹមនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្ត លោក អ៊ួង ប៊ុនហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងដោយមានការសម្របសម្រួល លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ដឹកនាំក្រុមការងារខេត្ត ចុះទប់ស្កាត់ និងបង្រ្កាបប្រតិបត្តិការអាជីវកម្មរ៉ែមាសអាណាធិបតេយ្យ ក្នុងដែនអាជ្ញាបណ្ណរបស់ ក្រុមហ៊ុន Late Cheng Mining Development Co., Ltd កំពុងសិក្សារ៉ែលោហៈ។

 ក្រុមការងារចម្រុះបានចុះដល់ទីតាំងពិនិត្យឃើញថា៖ នៅក្នុងភូមិសាស្ត្រព្រៃឡង់ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ មានប្រតិបត្តិការអាជីវកម្មរ៉ែមាសអាណាធិតេយ្យ (មិនមានធ្វើសកម្មភាព) មានអណ្ដូងយករ៉ែ ចំនួន ០៣អណ្តូង ប្រើគីបបំផ្ទុះបំបែកថ្ម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ 

 ចំណែករណ្តៅ និងរោង ត្រូវបានក្រុមការងាររុះរើរោង និងលុបរណ្តៅទាំង៣ វត្ថុតាងផ្សេងៗទៀតរក្សាទុកបណ្តោះអាសន្ន ព្រមទាំងកំណត់មុខសញ្ញា កសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ។ 

 ការចុះបង្ក្រាបការធ្វើអាជីកម្មរ៉ែខាងលើ ដោយមានការចូលរួមពីតំណាងក្រុមការងារអគ្គនាយកដ្ឋានធនធានរ៉ែ  ប្រធានមន្ទីររ៉ែ និងថាមពល, អភិបាលរងស្រុកសំបូរ, កម្លាំងនគរបាលខេត្ត, កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធផងដែរ។ 

 សូមបញ្ជាក់ដែរថា ទីតាំងដីដែលប្រជាពលរដ្ឋចូលប្រតិបត្តិការអាជីវកម្មរ៉ែមាសយ៉ាងអាណាធិតេយ្យនោះ គឺស្ថិតក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន Late Cheng Mining Development Co., Ltd សិក្សាស្រាវជ្រាវរ៉ែលោហៈ៕