2024-05-30 08:39
330

ស្ទឹងត្រែង៖ ក្រុមឧក្រិដ្ឋជនដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ជនជាតិថៃ និងខ្មែរ សរុបចំនួន ០៣នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បើកការស៊ើបសួរ ពាក់ព័ន្ធករណី ដឹកជញ្ជូនគ្រឿងញៀនជាង ២៥៧ គីឡូក្រាម និង១៧៦.២ ក្រាម, កាន់កាប់គ្រឿងផ្ទះដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានឲ្យដឹងថា៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៧៦ អក ចុះថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត និងសម្អាត ប្រាក់ ពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានកិច្ចហការពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៤នាក់ និងដកហូតវត្ថុតាងរួមមានសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ២២៥.២៥៣ (ពីររយម្ភៃប្រាំគីឡូក្រាមចុចពីររយហាសិបបីក្រាម) សារធាតុញៀន ប្រភេទ កេតាមីនទម្ងន់ ៣១.៩២៣.២ (សាមសិបមួយគីឡូក្រាម និងប្រាំបួនរយម្ភៃបីចុចពីរក្រាម) គ្រាប់បែកដៃ ចំនួន ០២គ្រាប់ វិទ្យុទាក់ទង ចំនួន ០៣គ្រឿង និងរថយន្ត ចំនួន ០៤គ្រឿង។

បន្ទាប់ពីបានធ្វើការពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿងតំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យជនជាតិថៃ ចំនួន ០៣នាក់ (ឃាត់ខ្លួន) ជនជាតិខ្មែរ ចំនួន ០១នាក់ (ឃាត់ខ្លួន) និងបក្ខពួកមួយចំនួនផ្សេងទៀត ពីបទ៖ «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន», បទ៖ «កាន់កាប់ គ្រឿងផ្ទះដោយគ្មានការអនុញ្ញាត» និងបទ៖ «សម្អាតប្រាក់» ដែលប្រព្រឹត្តនៅភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ ស្តីពីការ គ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៦៩៤ អយ/២៤ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថា អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦និង៣០នាទីព្រឹក បានដឹកនាំកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងសម្របសម្រួលដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅចំណុចក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនជនល្មើស ចំនួន ០៤នាក់ (ថៃ ០៣នាក់ ខ្មែរ ០១នាក់) រួមមាន៖ ១- ឈ្មោះ អ៊ាប សុខឃឹម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ, ២- ឈ្មោះ គ្រីបប្រាឆាយា ភរ៉ាសក្តិ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិថៃ, ៣- ឈ្មោះ សែចាំង ប្រាវីត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិថៃ និង ទី៤- ឈ្មោះ វង្ស ប៊ុនឆៃលើត ធារ៉ាឆៃ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិថៃ។
   
ក្នុងប្រតិបត្តិការនោះ វត្ថុតាងចាប់យករួមមាន: គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ២២២ ៩០០ក្រាម, គ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ៣១ ៨០៨ក្រាម វត្ថុតាងគ្រឿងញៀន សរុបទម្ងន់ ២៥៤ ៧០៨ក្រាម (២៥៤គីឡូ ៧០៨ក្រាម), រថយន្ត ចំនួន ០៤គ្រឿង, ទូរសព្ទដៃ ចំនួន ១២គ្រឿង, វិទ្យុទាក់ទង ចំនួន ០៣គ្រឿង, គ្រាប់បែកដៃ ចំនួន ០២គ្រាប់, លុយបាត និងលុយដុល្លា មួយចំនួនទៀត។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើក្រោយបើកការស៊ើបសួរបានបញ្ជូនសំណុំរឿងទៅកាន់ចៅស៊ើបសួរ ដើម្បីអនុវត្តតាមនិតិវិធីបន្ត៕