កំពង់ឆ្នាំង៖ លំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន ១២គ្រួសារ បានរងគ្រោះដោយសារការស្រុតដី នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ករណីបាក់ស្រុតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខាងលើ បានកើតឡើង នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយកើតមានហេតុការណ៍ដ៏អាក្រក់នេះ នារសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ព្រមទាំងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអំណោយក្រុមការងារ ចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១២គ្រួសារ ដែលរងគ្រោះដោយផ្ទះបងប្អូនបានស្រុតបាក់ដី។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំងអន្តរាគមន៍របស់អង្គភាពសហការជាមួយកម្លាំងនគរបាលខេត្ត កងរាជអាវុធហត្ថ និងអាជ្ញាធរចុះជួយប្រជាពលរដ្ឋ ដែលបាក់ស្រុតផ្ទះ នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។
សូមជម្រាបបន្ថែមថា ក្នុងហេតុការណ៍បាក់ស្រុតនេះ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០៩ខ្នងផ្ទះ ស្មើនឹង ១២គ្រួសារ មានប្រជាពលរដ្ឋប្រចំនួន ៦៥នាក់ តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតឡើយ៕