សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តើមគំនិត និងសាងសង់កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជា ដែលរចនាឡើងតាមរចនាបទខ្មែរ ដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។
ក្នុងនោះផងដែរ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានយកចិត្តទុកដាក់លើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ ឱ្យរកប្រាក់ចំណូលបន្ថែម ព្រមទាំងរក្សាភាពថ្លៃថ្នូរដែលជាទំនៀមទម្លាប់ របស់ប្រជាជាតិពីដូនតាខ្មែរ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានគម្រោងសាងសង់កន្លែងវិបស្សនា ចំនួន ៥០ ទីតាំងផ្សេងគ្នា ដើម្បីទទួលពុទ្ធបរិស័ទ ឬភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តឧទ្យានជាតិ «គីរីរម្យ» បានចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្យល់អកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋតពីដូនតា៕