2024-10-21 09:10
28

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបជូនដំណឹងដល់សាធារណជនថា៖ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។   

ឆ្លៀតក្នុងឱកាសនេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណ ថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះមានបងប្អូនជនរួមជាតិប្រមាណជិត ៧០ម៉ឺន អង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន USD 26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ 

វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។   

អាស្រ័យដូចបានជម្រាបដំណឹងខាងលើនេះ សម្រាប់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូមបន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់នៅមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕