2024-10-25 11:10
16

មណ្ឌលគិរី៖ ទំនប់អាងទឹក «អូរតេធិបតី» ស្ថិតនៅស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ។

គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកអូរតេ ស្ថិតក្នុងស្រុកអូររាំង ទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ 

គម្រោងនេះឆ្លើយតបតាមតម្រូវការរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្មខេត្តមណ្ឌលគិរី សម្រាប់បម្រើឱ្យការស្រោចស្រពផ្ទៃដីផលិតកម្មកសិកម្ម ចំនួន ១៥០០០ ហិកតា។

សូមជម្រាបថា ទំនប់អាងទឹក «អូរតេធិបតី» គឺជាទំនប់ស្ទាក់ទឹកបេតុងប្រវែង ៣០៦ម៉ែត្រ ដោយអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ។ 

ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។ 

បន្ថែមពីនេះក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ៕