2024-10-26 08:10
20

(ភ្នំពេញ)៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌទួលគោក មានពលរដ្ឋមួយចំនួន បានលើកឡើងជាសំណើ និងសំណូមពរមួយចំនួន ហើយត្រូវបានអាជ្ញាធរបានដោះ ស្រាយភ្លាមៗ ដោយឡែកករណីផ្សេងទៀត ត្រូវដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងដោះស្រាយតាមក្រោយ។

សំណើ និងសំណូមពរមួយចំនួនរួមមាន៖
*ស្នើសុំស្តារអាងស្តុបទឹក ដែលមានព្រៃ និងស្មៅដុះស៊ុបទ្រុប នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កការជន់លិចលំនៅដ្ឋាន និងបណ្តាលឲ្យសត្វធាតុចូលក្នុងផ្ទះពួកគាត់។

*ប្រជាជននៅសង្កាត់ទឹក៣ ស្នើសុំដូរអំពូលភ្លើង ចំនួន៧៨អំពូល។ 

*ស្នើកុំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កុំជីកខូចផ្លូវលេខ១៩២ ហើយទុកចោល។

*ការស្នើសុំការសាងសង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោម នៅសង្កាត់ទឹកល្អក់ទី៣ ដែលអាចអាចបង្កគ្រោះថ្នាក់ ចំពោះអ្នកមកបំពេញការងារនៅក្នុងអគារនេះ។

អង្គវេទិកានាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ធ្វើនៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក សុខ ពេញវុធ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ទូច ស៊ុនណារី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោក។

ឆ្លើយតបក្នុងការស្នើសុំពីសំណាក់ពលរដ្ឋនេះ លោក សុខ ពេញវុធ បានលើកឡើងថា រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ យើងដោះស្រាយជូនភ្លាមៗ ចំពោះអ្វីដែលយើងដោះស្រាយ បាន ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយពេលក្រោយ ពោលគឺអ្វីជាអត្តភាពចាំបាច់ បន្ទាន់ៗយើងនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់ យើងនឹងដាក់ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល រាជធានី ខណ្ឌសង្កាត់។

ចំពោះសំណើខាងលើ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ។ តែចំពោះការស្នើសាងសង់អគារសង្កាត់ទឹកល្អក់ទី៣ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនោះ, លោក សុខ ពេញវុធ បានបញ្ជាក់ថា យើងមិនមានកញ្ចប់ថវិកាណាមួយនៃការសាងសង់ អគាររដ្ឋបាលទេ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនឹងយកសំណើទាំងនេះទៅរាយការណ៍ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។

លោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងក្នុង ១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ហើយសំរាប់ខណ្ឌនីមួយៗ ត្រូវធ្វើឡើងនៅមិថុនារាល់ឆ្នាំ ហើយឆ្នាំនេះ ខណ្ឌបានធ្វើរួចរាល់ហើយ។

លោកបានបញ្ជាក់ទៀតថា គោលបំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីយើងបានដឹង ហើយដោះស្រាយជូន។ 

អភិបាលកិច្ចល្អ ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ក្រោយពីក្តាប់បានបញ្ហាប្រឈម តម្រូវការពីប្រជាពលរដ្ឋហើយ យើងយកបញ្ហាទាំងនោះមកដោះស្រាយ។

នៅក្នុងវេទិកានេះលោក ម៉ប់ សារិន បានបញ្ជាក់ទៀតថា យើងក៏មានការផ្តល់ជារបាយការណ៍ដែលបានអនុវត្តកន្លងមក ជូនអ្នកចូលរួមផងដែរ ដើម្បីបានដឹងពីព័ត៌មាន ពីទិសដៅនៃការអភិវឌ្ឍរាជធានី។ អ្វីជាកង្វល់ការចង់បានរបស់ ប្រជាពលរដ្ឋតាមរយៈការស្នើឡើង យើងដាច់ខាតត្រូវតែដោះស្រាយជូន អ្វីដោះស្រាយបានភ្លាមយើងដោះស្រាយភ្លាម បើដោះស្រាយមិនទាន់បាន យើងនឹងយកបញ្ហាទាំងនោះ ទៅដាក់បញ្ជូលក្នុងគម្រោង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល៕